
អ៊ុយក្រែន បានឲ្យដឹងថា ខ្លួនបានកំណត់គោលដៅលើប៉ុស្តិ៍បញ្ជាការរុស្ស៊ី នៅជិតទីក្រុងកំពង់ផែ Sevastopol នៅតំបន់គ្រីម៉េ (Crimea) កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) ក្នុងការវាយប្រហារតាមអាកាស ដែលរុស្ស៊ីបាននិយាយថា បណ្តាលឲ្យមនុស្សម្នាក់ រងរបួស។
ទីក្រុងគីវ បានវាយប្រហារឧបទ្វីបនេះ ដែលគ្រប់គ្រងដោយរុស្ស៊ី ពេញមួយសង្គ្រាមនេះ ដោយបានបាញ់មីស៊ីល និងយានដ្រូន នៅទីក្រុងពង់ផែ Sevastopol ក្នុងគោលបំណងកម្ទេចកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី។
ដោយមិនបានផ្តល់សេចក្តីលម្អិតបន្ថែមនោះ កងទ័ពអ៊ុយក្រែនបាននិយាយថា៖ «ថ្ងៃនេះ នៅម៉ោងប្រហែល ៣រសៀល (ម៉ោងក្នុងស្រុក) កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានវាយប្រហារទីបញ្ជាការនៃកងកម្លាំងកាន់កាប់របស់រុស្ស៊ី នៅជិតទីក្រុង Sevastopol»។
សំឡេងនៃគ្រាប់មីស៊ីលហោះពត់ពេន ដែលបានបាញ់ចេញមក នៅពីខាងលើ អាចត្រូវបានឮ នៅក្នុងរូបភាពវីដេអូ ដែលត្រូវបានចែករំលែកតៗគ្នាតាមប្រព័ន្ធបណ្តាញសង្គម នៅតំបន់គ្រីម៉េ ខណៈដែលស៊ីរ៉ែនវាយប្រហារតាមអាកាស បានបន្លឺឡើង ក្នុងពេលនោះ។
ប្រទេសរុស្ស៊ីបានអះអាងថា ការការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់មីស៊ីលតម្រង់គោលដៅ ចំនួន ១០គ្រាប់ពីលើឧបទ្វីបនេះ ហើយថា ខ្លួនបានបំផ្លាញនូវអ្វី ដែលខ្លួនហៅថា ជា «ការវាយប្រហារភេរវកម្ម» ដោយកងកម្លាំងរបស់ទីក្រុងគីវ។
អភិបាលក្រុង Sevastopol លោក Mikhail Razvozhayev បាននិយាយថា មនុស្សម្នាក់ បានរងរបួស បន្ទាប់ពីអំបែងគ្រាប់ បានធ្លាក់ចំផ្ទះមួយខ្នង៕