
មេធាវីរបស់លោក Otto Perez កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) បាននិយាយថា អតីតប្រធានាធិបតីកាតេម៉ាឡា បានដាក់ឲ្យនៅក្រោមការឃុំខ្លួនក្នុងផ្ទះ បន្ទាប់ពីជាប់ពន្ធនាគារ ចាប់តាំងពីឆ្នាំ២០១៥ ជុំវិញការផ្តន្ទាទោសពីបទពុករលួយ។
លោកឧត្តមសេនីយ៍ចូលនិវត្តន៍ Perez បានគ្រប់គ្រងប្រទេសអាមេរិកកណ្តាល ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៥ នៅពេលដែលរូបលោកត្រូវបានបង្ខំឲ្យលាលែងពីតំណែង ជាមួយនឹងរយៈពេលនៅសល់តែ ៤ខែទៀតនៃអាណត្តិរបស់លោក ចំពេលមានការតវ៉ាជុំវិញរឿងអាស្រូវពុករលួយ។
មេធាវីរបស់អតីតប្រធានាធិបតី គឺលោក Cesar Calderon បានប្រាប់សារព័ត៌មាន Reuters ថា កូនក្ដីរបស់ខ្លួនបានចាកចេញពីពន្ធនាគារ កាលពីល្ងាចថ្ងៃពុធ (ទី៣ ខែមករា)។ លោក Calderon បានបន្ថែមថា ដើម្បីបានចេញពីពន្ធនាគារ និងស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ លោក Perez ត្រូវបង់ប្រាក់ធានាចំនួន ៣៨.០០០ដុល្លារអាមេរិក និងដាក់បញ្ចាំទ្រព្យសម្បត្តិចំនួន ២ទៀត ដែលមានតម្លៃ ១,២លានដុល្លារ។
សូមបញ្ជាក់ថា នៅចុងឆ្នាំ២០២២ លោក Perez ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៦ឆ្នាំ ក្រោមការចោទប្រកាន់ពីបទសមគំនិតខុសច្បាប់ និងក្លែងបន្លំពន្ធគយ។ រួមជាមួយអនុប្រធានាធិបតី លោកស្រី Roxana Baldetti ដែលនៅតែជាប់ពន្ធនាគារដដែល លោក Perez ត្រូវបានចោទប្រកាន់ថា បានដឹកនាំបណ្តាញបន្លំពន្ធគយ ដែលបានកិបកែងប្រាក់ចំនួន ៣,៥លានដុល្លារ នៅក្នុងមូលនិធិរដ្ឋ អំឡុងការគ្រប់គ្រងរបស់ពួកគេ៕