
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមហាម៉ាស់ បានបញ្ចេញវីដេអូឃ្លីបឃើញក្រុមជីវពលរបស់ពួកគេពួនស្ទាក់ និងបាញ់ប្រហារលើគោលដៅអ៊ីស្រាអែល អំឡុងប្រតិបត្តិការនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប ខណៈអ៊ីស្រាអែល ប្រកាសផែនការវាយប្រហារបន្ថែមទៀត ដើម្បីកម្ទេចឲ្យរលាយសាបសូន្យក្រុមសកម្មប្រយុទ្ធហាម៉ាស់ និងក្រុមមេដឹកនាំរបស់ពួកគេ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀតផ្ទាត់ដោយឯករាជ្យបានឡើយកាលបរិច្ឆេត និងទីតាំងនៃការថតវីដេអូឃ្លីបមួយនេះ ។
អ៊ីស្រាអែល បានផ្លោងគ្រាប់កាំភ្លើងធំកាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់ជនប៉ាឡេស្ទីនជាង ២០នាក់ ដែលរួមទាំងជនប៉ាឡេស្ទីន ១៦នាក់ផងដែរនៅក្នុងទីក្រុង Khan Younis ស្ថិតនៅតំបន់ភាគខាងត្បូងហ្គាហ្សា ។
មន្រ្តីក្រសួងសុខាភិបាលតំបន់ហ្គាហ្សា និយាយថា ការផ្លោងគ្រាប់កាំភ្លើងរបស់អ៊ីស្រាអែលមកលើតំបន់ Al-Mawasi ទីក្រុង Khan Younis ស្ថិតតាមតំបន់ឆ្នេរភាគខាងត្បូងតំបន់ហ្គាហ្សាស្រ្ទីបដែលពេញណែនដោយជនប៉ាឡេស្ទីនរត់ភៀសខ្លួនចេញពីតំបន់ផ្សេងៗទៀតនៅដែនដីបិទច្រកមួយនេះ ។
មន្រ្តីរូបនោះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មនុស្សស្លាប់ រួមមានទាំងកុមារ ៩នាក់ផងដែរ ។ គ្រាប់កាំភ្លើងធំអ៊ីស្រាអែល បានធ្លាក់នៅជិតសំពត់តង់ដែលត្រូវបានដំឡើងដោយពលរដ្ឋជម្លៀសខ្លួន ។
សង្រ្គាមអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ បានឈានចូលដល់ជិត ៣ខែហើយ ស្របពេលដែលមានក្តីកង្វល់អន្តរជាតិថា ជម្លោះមួយនេះ នឹងរីករាលដាលដល់តំបន់ឆ្ងាយៗពីហ្គាហ្សា រួមទាំងនៅតំបន់កាន់កាប់វ៉េសប៊ែងរបស់អ៊ីស្រាអែល ជម្លោះជាមួយកងកម្លាំងហេសប៊ូឡា នៅតំបន់ព្រំដែនលីបង់-អ៊ីស្រាអែល និងនៅតាមផ្លូវដឹកជញ្ជូនក្នុងសមុទ្រក្រហម ៕