ភ្នំពេញ ៖ សប្តាហ៍ទី០១ ក្រសួង-ស្ថាប័នចំនួន ០៣ និងរាជធានី-ខេត្តចំនួន ០៧ បានប្រកាសទ្រព្យសម្បត្តិ និងបំណុលលឿនជាងការគ្រោងទុក។
លោក ញីវ បញ្ញារិទ្ធ ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ត្រឹមម៉ោង ១២ ថ្ងៃត្រង់នេះ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១០,៤២៨ រូប នាំឱ្យវឌ្ឍនភាពនៃការមកប្រគល់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល កើនឡើងដល់ ៥៧.០៤% នៃចំនួនត្រូវប្រកាសសរុប ១៨ ២៧៩ រូប។
អង្គភាពប្រឆាំងអំពើពុករលួយក៏បានឱ្យដឹងផងដែរថា សប្តាហ៍ទី១នៃប្រកាសទ្រព្យសម្បត្តិ និងបំណុលនេះមានក្រសួង-ស្ថាប័នចំនួន ០៣ និងរាជធានី-ខេត្តចំនួន ០៧ បានប្រកាសទ្រព្យសម្បត្តិ និងបំណុលលឿនជាងការគ្រោងទុក។
សូមបញ្ជាក់ថា ក្រុមការងារនៃនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នឹងរង់ចាំទទួលឯកសារប្រកាស ០៧ថ្ងៃក្នុងមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ដោយមិនឈប់សម្រាកថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យឡើយពីម៉ោង០៨:០០ព្រឹកដល់ម៉ោង០៥:០០ល្ងាច៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា









