
កងទ័ពជើងទឹកឥណ្ឌា បាននិយាយនៅថ្ងៃសុក្រនេះថា នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា កំពុងធ្វើដំណើរឆ្ពោះទៅកាន់នាវាដែលមានទង់ជាតិលីបេរីយ៉ា ដែលត្រូវបានប្លន់នៅសមុទ្រអារ៉ាប់ ហើយយន្តហោះកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។
ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា ANI ដែលសារព័ត៌មានរ៉យទ័រមានភាគហ៊ុនភាគតិចតួចជាមួយ បានរាយការណ៍មុននេះ ដោយដកស្រង់សម្តីមន្ត្រីយោធាថា យ៉ាងហោចណាស់សមាជិកនាវិកឥណ្ឌា ១៥នាក់ នៅលើនាវា MV Lila Norfolk ដែលត្រូវបានប្លន់នៅជិតឆ្នេរសមុទ្ររបស់ប្រទេសសូម៉ាលី ហើយកងទ័ពជើងទឹកបានទទួលព័ត៌មានអំពីវា កាលពីល្ងាចថ្ងៃព្រហស្បតិ៍។
សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកឥណ្ឌា បានឲ្យដឹងថា នាវានេះ បានផ្ញើសារមួយនៅគេហទំព័រ របស់ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ដោយនិយាយថា បុគ្គលិកប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណពី ៥ទៅ ៦នាក់ បានឡើងជិះ កាលល្ងាចថ្ងៃទី៤ ខែមករា។
សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា នាវាចម្បាំងឥណ្ឌា INS Chennai ត្រូវបានបង្វែរ និងដាក់ពង្រាយដើម្បីជួយដល់នាវានេះ ដោយបន្ថែមថា យន្តហោះកងទ័ពជើងទឹក បានហោះពីលើនាវាដែលត្រូវគេប្លន់នៅថ្ងៃសុក្រនេះ ហើយបានបង្កើតទំនាក់ទំនងជាមួយនាវានោះ។
កងទ័ពជើងទឹកឥណ្ឌា បានបង្កើនការឃ្លាំមើលរបស់ខ្លួន នៅសមុទ្រអារ៉ាប់ បន្ទាប់ពីការវាយប្រហារ នាពេលថ្មីៗនេះ នៅក្នុងតំបន់។
កាលពីដើមសប្តាហ៍នេះ កងទ័ពជើងទឹក បាននិយាយថា ខ្លួនបានស៊ើបអង្កេតនាវានេសាទមួយចំនួនធំ និងនាវាដែលចូលចតក្នុងសមុទ្រអារ៉ាប់ខាងជើង និងកណ្តាល។