ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នឹងបើកយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំមួយនៅថ្ងៃទី២៣ ខែមិថុនានេះគឺការសម្ពោធនូវផ្ទាំងផ្សព្វផ្សាយផ្លូវការនូវព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ចំថ្ងៃដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) រៀបចំទិវាអូឡាំពិកលើកទី១២៧ ឆ្នាំ២០២១។

ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC និងជាអគ្គលេខាធិការ NOCC បានឲ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយផ្ទាំងផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះធ្វើឡើងចំថ្ងៃទិវាអូឡាំពិក គឺដើម្បីអបអរសាទរកម្មវិធីប្រចាំឆ្នាំនេះផង និងបំផុសស្មារតីមហាជន សាធារណជន និងយុវជនឲ្យបានដឹងថា ឆ្នាំ២០២៣ កម្ពុជានឹងធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផង ពិសេសដើម្បីផ្សព្វផ្សព្វផ្សាយនូវយុទ្ធនាការ “យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ទាំងអស់គ្នា”។ គួរបញ្ជាក់ថា ទិវាអូឡាំពិកនឹងប្រព្រឹត្តទៅនាល្ងាចថ្ងៃទី២៣ ខែមិថុនានេះ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាជាច្រើន ពិសេសវត្តមានភ្ញៀវកិត្តិយស ២រូបដែលនឹងចូលរួមចែករំលែកបទពិសោធន៍ និងធ្វើបទបង្ហាញអំពីរបៀបហាត់ប្រាណដល់បងប្អូនប្រជាពល ស្របតាមប្រធាន “ហាត់ប្រាណនៅផ្ទះជាមួយអត្តពលិកអូឡាំពិក” គឺកីឡាការិនី ស៊ន សៀវម៉ី និងអតីតកីឡាការិនីហែលទឹកជម្រើសជាតិ ហែមថុន វិទិនី។
ក្រឡេកទៅចាប់អារម្មណ៍ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៅកម្ពុជាវិញ មកទល់ពេលនេះកម្ពុជានៅសល់ពេលតែ ៦៨១ថ្ងៃទៀតប៉ុណ្ណោះនៃដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ ដែលគ្រោងប្រារព្ធពិធីបើកការប្រកួតផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ មុនកម្ពុជាបន្ដរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ចាប់ពីថ្ងៃទី០១-១០ ខែមិថុនា ឆ្នាំ២០២៣ ដដែល៕
អត្ថបទ៖ លី ឈុនឡា