ភ្នំពេញ÷ រសៀលថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ នៅគល់ស្ពានទេរ ត្រើយខាងត្បូង ស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ជា ធីរិទ្ធ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានរៀបចំពិធីក្រុងពាលីសម្ពោធឆ្លងបុស្បុកតម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុមារ និងពិធីពុទ្ធាភិសេកព្រះពុទ្ធប្បដិមាថ្មីនៅក្នុងសាលាឆទាន ដែលនឹងត្រូវសម្ពោធបើកជាផ្លូវការនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បានគូសបញ្ជាក់ថា ៖ សំណង់បុស្បុកតម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលនៅកុមារ នេះមានទំហំខាងក្នុងប្រវែង៣,៦ម៉ែត្រ x ៣,៦ម៉ែត្រ កំពស់ប្រវែង ២៤,៣ម៉ែត្រ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង កំពស់២,៧ម៉ែត្រ រូបសំណាកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កំពស់១,៦៨ម៉ែត ធ្វើអំពីស្ពាន់ និងមានរៀបចំសួនច្បារ ដាំដើមឈើ ខឿនសួន បង្គោលភ្លើង ចំណតរថយន្ត ម៉ាប និងការងារតុបតែងលំអស្ពាន ៕ ដោយ ÷ រក្សា










