
ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសហ្វីលីពីន នៅថ្ងៃសុក្រ (ទី៥ ខែមករា) នេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ហ្វីលីពីននៅតែបើកចំហ សម្រាប់ការពិភាក្សាការទូតជាមួយប្រទេសចិន ហើយជឿជាក់ថា ប្រទេសទាំង២ អាចសម្រេចបាននូវដំណោះស្រាយ ជុំវិញជម្លោះ នៅសមុទ្រចិនខាងត្បូង តាមរយៈការសន្ទនា ដោយសន្តិវិធី។
ការលើកឡើងបែបនេះរបស់លោក Eduardo Ano កើតមានបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) បានហៅការល្បាតរួមគ្នា នាពេលថ្មីៗនេះ ដោយសហរដ្ឋអាមេរិក និងហ្វីលីពីន នៅសមុទ្រចិនខាងត្បូង ថា «បង្កហេតុ» និង «គ្មានការទទួលខុសត្រូវ»។
តែលោក Ano បាននិយាយថា៖ «ការល្បាតរួមគ្នារបស់យើងជាមួយសហរដ្ឋអាមេរិក និងសកម្មភាពជាច្រើនទៀតនាពេលអនាគត ដែលអាចនឹងកើតមានជាមួយប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត បង្ហាញពីការប្តេជ្ញាចិត្តឲ្យគ្នាទៅវិញទៅមក ចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ និងដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។
ស្ថានទូតចិន ប្រចាំទីក្រុងម៉ានីល បានលើកឡើងវិញម្តងទៀតនូវការអត្ថាធិប្បាយរបស់អ្នកនាំពាក្យក្រសួងការបរទេស នៅពេលដែលត្រូវបានសួរឲ្យឆ្លើយតប ពាក់ព័ន្ធនឹងសេចក្ដីថ្លែងការណ៍របស់លោក Ano។ យោធាហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍ បានប្រាប់ថា នាវាកងទ័ពជើងទឹកចិន ២គ្រឿង បានតាមដាននាវាហ្វីលីពីន និងសហរដ្ឋអាមេរិក ដែលទើបតែបញ្ចប់ការល្បាតរួមគ្នាជាលើកទី២ រយៈពេល ២ថ្ងៃ៕