
រូបភាពវីដេអូពីលើអាកាស នៅថ្ងៃសុក្រ (ទី៥ ខែមករា) នេះ បានបង្ហាញថា ចក្រភពអង់គ្លេស បានដឹងពីស្ថានភាពទឹកជំនន់ដ៏ធំ នៅតំបន់ Midlands ខណៈប្រទេសនេះបានជួបប្រទះនឹងភ្លៀងធ្លាក់យ៉ាងខ្លាំងពេញមួយយប់។
តំបន់ Nottinghamshire បានប្រកាសពីការមានឧបទ្ទវហេតុដ៏ធំមួយ កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែមករា) ដោយសារតែកម្រិតទឹកឡើងកាន់តែខ្ពស់ នៅតាមដងទន្លេ Trent បន្ទាប់ពីព្យុះ Henk បានបក់ឆ្លងកាត់ កាលពីថ្ងៃអង្គារ (ទី៣ ខែមករា)។ ទីភ្នាក់ងារបរិស្ថាន បានឲ្យដឹងថា តំបន់លំនៅឋានមួយចំនួន ត្រូវជម្លៀសចេញ។
ប្រមុខក្រុមគ្រោះទឹកជំនន់របស់ទីភ្នាក់ងារបរិស្ថាន លោកស្រី Caroline Douglass ត្រូវបានដកស្រង់ដោយសារព័ត៌មាន The Guardian របស់អង់គ្លេស ដែលនិយាយថា ទឹកទន្លេ Trent គឺនៅកម្រិតខ្ពស់បំផុត ដែលធ្លាប់យើងបានឃើញ ក្នុងរយៈពេល ២៤ឆ្នាំនេះ។
ទីភ្នាក់ងារបរិស្ថាននេះ បានបន្ថែមថា ទឹកជំនន់អាចកើតមាននៅទូទាំងផ្នែកខ្លះនៃតំបន់ Midlands និងភាគខាងត្បូង និងខាងកើតនៃប្រទេសអង់គ្លេស នៅថ្ងៃសុក្រនេះ ហើយ «ការជន់លិចបន្តមាន ដោយសារទឹកទន្លេ គឺប្រហែលជានៅតាមបណ្តោយផ្នែកខ្លះនៃទន្លេ Severn និងទន្លេ Trent សម្រាប់រយៈពេល ៥ថ្ងៃបន្ទាប់»៕