
អ្នកស្រុកកូរ៉េខាងត្បូង បានសម្ដែងការព្រួយបារម្ភ និងភ័យខ្លាច បន្ទាប់ពីកូរ៉េខាងជើង បានបាញ់កាំភ្លើងធំជាង២០០គ្រាប់ នៅថ្ងៃសុក្រទី៥មករានេះ នៅជិតព្រំដែនទឹកមានជម្លោះ ដែលជាប់ជាមួយកូរ៉េខាងត្បូង ដែលរុញឲ្យមានភាពតានតឹងមួយផ្សេងទៀតរវាងគូប្រជែងទាំងពីរ ខណៈជំរុញនាំឲ្យកូរ៉េខាងត្បូង ចាត់វិធានការឆ្លើយតបវិញដោយការធ្វើសមយុទ្ធបាញ់គ្រាប់ពិត។
ការបាញ់ទៅវិញទៅមកបែបនេះ បាននាំឲ្យអ្នកស្រុកនៅកោះដាច់ស្រយាលពីររបស់កូរ៉េខាងត្បូងនៅព្រំដែនទឹកខាងលិច ត្រូវជម្លៀសខ្លួនចេញពីគ្រាប់ផ្លោងតាមការណែនាំរបស់យោធាកូរ៉េខាងត្បូងនៅមុនពេលដែលគេបានបាញ់គ្រាប់ពិតទៅរកព្រំដែនខាងជើងដែលមានជម្លោះ។
យោធាកូរ៉េខាងត្បូង បាននិយាយថា ការបាញ់កាំភ្លើងរបស់កូរ៉េខាងជើង មិនបានធ្វើអោយជនស៊ីវិល ឬយោធា នៅភាគខាងត្បូងខូចខាតឡើយ។
និស្សិតម្នាក់អាយុ២២ឆ្នាំឈ្មោះ គីមកាង ហ៊ី បាននិយាយថា ការបង្ករឿងចេញពីក្រុងព្យុងយ៉ាង មិនមែនជារឿថ្មីទេ ហើយការរំពឹងទុកពីសង្រ្គាមនៅតែឡើងកម្តៅនៅឡើយដែលជាហេតុធ្វើឲ្យមានការភ័យខ្លាចរបស់អ្នកស្រុកកាន់តែមានច្រើនឡើងៗផងដែរ។
ខណៈនេះ បុគ្គលិកការិយាល័យក្រុងសេអ៊ូល លោកលី ជុន បាននិយាយថា ព័ត៌មានបន្ថែមស្តីពីចំណុចលម្អិតនៃការជម្លៀសខ្លួន គួរតែត្រូវបានផ្សព្វផ្សាយដោយអាជ្ញាធរ៕