អាមេរិក ៖ តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រទី ៦ ខែមករា បានព្រមព្រៀងបើកសវនាការបណ្តឹងឧទ្ធរណ៍របស់លោក Donald Trump លើសេចក្តីសម្រេចរបស់តុលាការ ដែលរារាំងអតីតប្រធានាធិបតីរូបនេះ ពីការបោះឆ្នោតបឋមគណបក្សសាធារណៈរដ្ឋរបស់រដ្ឋ ដោយធ្វើឲ្យមានករណីផ្ទុះនយោបាយមានផលប៉ះពាល់ខ្លាំងសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ។
បញ្ហានោះគឺ ការចេញសេចក្តីសម្រេចកាលពីថ្ងៃទី ១៩ ខែធ្នូ របស់តុលាការកំពូលរដ្ឋ Colorado ដែលបានដកសិទ្ធិលោក Trump ពីការបោះឆ្នោតបឋមគណបក្សសាធារណរដ្ឋរបស់រដ្ឋនេះ ដោយផ្អែកលើភាសានៅក្នុងវិសោធនកម្មទី ១៤ របស់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក ដែលលោកបានចូលរួមក្នុងការបះបោរ ពាក់ព័ន្ធទៅនឹងការវាយប្រហារនៅថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ ធ្វើឡើងដោយក្រុមអ្នកគាំទ្ររបស់លោក ទៅលើវិមាន Capitol របស់សហរដ្ឋអាមេរិក។
តុលាការ បានទទួលយកសំណុំរឿងនេះដោយល្បឿនមិនប្រក្រតី។ លោក Trump ជាអ្នកនាំមុខគេម្នាក់ សម្រាប់ការតែងតាំងនៅក្នុងគណបក្សរបស់លោក ដើម្បីប្រជែងជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ក្នុងការបោះឆ្នោតនៅខែវិច្ឆិកា បានដាក់ពាក្យប្តឹងឧទ្ធរណ៍កាលពីថ្ងៃពុធ។
តុលាការ បានបង្ហាញថាពួកគេនឹងតាមដានសេចក្តីសម្រេចឲ្យបានឆាប់រហ័សដោយកំណត់ពេលការជជែកផ្ទាល់មាត់ នៅថ្ងៃទី ៨ ខែកុម្ភៈ។ ការបោះឆ្នោតបឋមរដ្ឋ Colorado ត្រូវបានកំណត់ពេលធ្វើនៅថ្ងៃទី ៥ ខែមីនា។

