ឥណ្ឌា ៖ កងទ័ពជើងទឹកប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ បានជួយសង្គ្រោះនាវិកនៃនាវាពាណិជ្ជកកម្ម បន្ទាប់ពីការប៉ុនប៉ងចោរកម្មនៅសមុទ្រអារ៉ាប់ ហើយបាននិយាយថា កងទ័ពពុំបានរកឃើញក្រុមចោរសមុទ្រណាមួយ នៅលើនាវានោះទេ។
វីដេអូ បានមកពីកងទ័ពជើងទឹកឥណ្ឌា បានបង្ហាញពីបុគ្គលិកកំពុងចូលមកជិត និងបានឡើងទៅលើនាវា ហើយធ្វើដំណើរទៅជាន់ខាងលើរបស់នាវា។
នាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា បានស្ទាក់នាវាធុនធំ MV Lila Norfolk បំពាក់ទង់ជាតិប្រទេសលីបេរីយ៉ា មិនដល់មួយថ្ងៃបន្ទាប់ពីខ្លួនបានទទួលការរាយការណ៍ថា នាវានេះត្រូវបានគេប្លន់ក្នុងចម្ងាយប្រហែល ៤៦០ ម៉ាយស៍ ដែនសមុទ្រប្រទេសសូម៉ាលី។
យោងតាមរបាយការណ៍ដែលទទួលបានដោយទីភ្នាក់ងារប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស (UKMTO) បាននិយាយថា នាវិករបស់នាវា បានប្រមូលផ្តុំគ្នានៅក្នុងទីតាំងការពាររបស់នាវា។
កងទ័ពជើងទឹក បាននិយាយថា នាវិកទាំងអស់ ២១ នាក់ នៅលើនាវា រួមមានជនជាតិឥណ្ឌា ១៥ នាក់ ត្រូវបានជម្លៀសចេញ ហើយបុគ្គលិកនាវាចម្បាំងមួយគ្រឿងកំពុងជួយជួសជុលថាមពលឡើងវិញ ដើម្បីឱ្យនាវាអាចបន្តការធ្វើដំណើរបាន។
យោងតាមក្រុមហ៊ុនសន្តិសុខដែនសមុទ្ររបស់ចក្រភពអង់គ្លេស Ambrey បានឲ្យដឹងថា នាវានេះ មានទិសដៅទៅកាន់ ប្រទេសបារ៉ែន។

