អាមេរិក ៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan និងប្រធានាធិបតី លោកTayyip Erdogan ដែលជាចំណតដំបូងរបស់លោកក្នុងដំណើរទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់មជ្ឈិមបូព៌ា និងអឺរ៉ុប។ វាគឺជាដំណើរទស្សនកិច្ចលើកទីបួនរបស់ លោក Blinken ទៅកាន់មជ្ឈិមបូព៌ា ចាប់តាំងពីការវាយប្រហារដ៏ឃោឃៅរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលា ទៅលើប្រទេសអ៊ីស្រាអែលភាគខាងត្បូង ដែលបានបង្កឱ្យមានការវាយប្រហារតាមដែនអាកាស និងជើងគោកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល។ លោក មានផែនការធ្វើទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល តំបន់West Bank ព្រមទាំងប្រទេសហ្ស៊កដានី កាតា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត និងប្រទេសអេហ្ស៊ីប ព្រមទាំងប្រទេសក្រិក។ ក្រសួងការបរទេស បាននិយាយថា លោក Blinken នឹងពិភាក្សាអំពីចំណាត់ការចុងក្រោយ ដើម្បីបញ្ចប់ការផ្តល់សច្ចាប័នរបស់ប្រទេសទួរគី ចំពោះការចូលជាសមាជិកសម្ព័ន្ធយោធា NATO របស់ប្រទេសស៊ុយអែត ជាមួយសមភាគីរបស់លោក។ ដំណើរទស្សនកិច្ចរបស់ លោក Blinken ធ្វើឡើងក្នុងពេលមានការព្រួយបារម្ភការកើនឡើងជម្លោះក្នុងតំបន់។ លោក Matthew Miller អ្នកនាំពាក្យក្រសួងការបរទេស បានប្រាប់អ្នកសារព័ត៌មានថា លោកBlinken នឹងធ្វើការអំពាវនាវដដែលៗ ដើម្បីទទួលបានជំនួយមនុស្សធម៌បន្ថែមទៀតទៅកាន់តំបន់ហ្កាហ្សា ខណៈ ព្យាយាមធ្វើឱ្យមានវឌ្ឍនភាពលើប្រធានបទដ៏រសើបនៃរបៀបដែលតំបន់ហ្កាហ្សាអាចត្រូវបានគ្រប់គ្រងបន្ទាប់ពីសង្គ្រាម។
ប្រទេសទួរគី បានរិះគន់ប្រទេសអ៊ីស្រាអែលយ៉ាងចាស់ដៃ សម្រាប់ការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាក្នុងសង្គ្រាមរបស់ខ្លួនជាមួយក្រុមហាម៉ាស់ ប៉ុន្តែថែមទាំងបានផ្តល់ការសម្របសម្រួលកិច្ចចរចារវាងភាគីទាំងពីរផងដែរ។

