ស៊ុយអ៊ែត ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស៊ុយអែត និងសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ លោក Johan Forssel បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ TV4 កាលពីថ្ងៃទី៥ ខែមករា ថា រដ្ឋាភិបាលស៊ុយអែត នឹងដកជំនួយមនុស្សធម៌ពីប្រទេសម៉ាលី ដោយសារតែជំហរគាំទ្ររុស្ស៊ី និងការគាំទ្រចំពោះការលុកលុយពេញលេញទៅលើអ៊ុយក្រែន។
ម៉ាលីដែលជាប្រទេសអាហ្រ្វិកខាងលិច គឺជាកម្មវត្ថុនៃយុទ្ធនាការឥទ្ធិពលរុស្ស៊ីដ៏សំខាន់ ចាប់តាំងពីកងទ័ពម៉ាលី បានផ្តួលរំលំរដ្ឋាភិបាលក្នុងរដ្ឋប្រហារ នៅឆ្នាំ ២០២១។ ក្រុមទាហានស៊ីឈ្នួល Wagner ដែលដឹកនាំដោយលោក Yevgeny Prigozhin មានសកម្មភាពជាពិសេស នៅក្នុងប្រទេសម៉ាលី ហើយត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងការលួចប្លន់យ៉ាងទូលំទូលាយ។
លោក Forssel បាននិយាយថា៖«នៅពេលដែលយើងសហការជាមួយប្រទេសផ្សេងទៀត យើងក៏ចង់ឲ្យ ប្រទេសទាំងនោះ សហការជាមួយប្រទេសស៊ុយអែតដែរ ប៉ុន្តែរបបយោធារបស់ប្រទេសម៉ាលី ជំនួសមកវិញនូវប្រទេសរុស្ស៊ី និងគាំទ្រសង្រ្គាមពេញលេញរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន»។
ប្រទេសម៉ាលី បានបដិសេធការបោះឆ្នោតលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលថ្កោលទោសសង្គ្រាមទ្រង់ទ្រាយធំរបស់រុស្ស៊ី ដោយទាមទារឲ្យទាហានរុស្ស៊ីចាកចេញពីអ៊ុយក្រែន និងប្រឆាំងនឹងការបញ្ចូលទឹកដីអ៊ុយក្រែនដោយខុសច្បាប់។ ប្រទេសម៉ាលី ក៏បានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេច មួយ ដើម្បីដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

