អាល្លឺម៉ង់ ៖ ប្រទេសអាល្លឺម៉ង់ បានព្រមានប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ខណៈដែលខ្លួនបានអំពាវនាវឲ្យមានការផ្អាកជាលក្ខណៈមនុស្សធម៌បន្ថែមទៀត ក្នុងសង្រ្គាមនេះ កាលពីថ្ងៃសុក្រ។
លោកស្រី Annalena Baerbock រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយថា៖«មិនត្រូវមានការកាន់កាប់តំបន់ហ្កាហ្សាស្ទ្រីប គ្មានការបណ្តេញចេញ និងគ្មានការកាត់បន្ថយទំហំនៃទឹកដីនោះទេ ហើយទន្ទឹមនឹងនេះ ក៏មិនមានគ្រោះថ្នាក់អ្វីទៀតដែរសម្រាប់អ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្ទ្រីប»។
លោកស្រី Baerbock បានថ្លែងប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងប៊ែរឡាំងថា អ៊ីស្រាអែល និងប៉ាឡេស្ទីន នឹង «អាចរស់នៅជាមួយគ្នាដោយសន្តិភាពបាន លុះត្រាតែសន្តិសុខរបស់ភាគីម្ខាង ធានាដល់សន្តិសុខរបស់ម្ខាងទៀត»។
ការអធិប្បាយរបស់លោកស្រី បានធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែល បានបង្ហាញផែនការ៤ផ្នែករបស់ខ្លួនសម្រាប់តំបន់ហ្កាហ្សាក្រោយសង្គ្រាម ដោយលោក លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant) រដ្ឋមន្ត្រីការពារជាតិ បានប្រកាសថា ទាំងក្រុមហាម៉ាស និងអ៊ីស្រាអែល នឹងគ្រប់គ្រងតំបន់នេះ នៅពេលអនាគត។

