កំពង់ឆ្នាំង៖ ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤នេះ នៅខេត្តកំពង់ឆ្នាំង ដោយមានកីឡាករចូលរួមប្រមាណ៥៥០នាក់ ។ ការប្រកួតកីឡាទោចក្រយាននេះ គឺដើម្បីរក្សាបាននូវនិរន្តភាពនៃការអភិវឌ្ឍន៍ និងត្រៀមសំរាប់ការប្រកួតអន្តរជាតិនានា នៅពេលខាងមុខ ។
លោក នូ ចំរើន អគ្គលេខាធិកាសហព័ន្ធកីឡាទោចក្រយានកម្ពុជា បានថ្លែងបញ្ជាក់ថា៖ ការប្រកួតកីឡាទោចក្រយានលើកនេះ គឺធ្វើឡើងនៅមុខសាលាខេត្តកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយត្រូវចាប់ផ្ដើមចេញដំណើរពីចំណុចមុខសាលាខេត្ត បន្តឆ្ពោះទៅរង្វង់មូលរូបឆ្នាំង បត់តាមបណ្តោយផ្លូវជាតិលេខ៥ រហូតដល់រង្វង់មូលរូបស្ត្រីខ្មែរស្មូនឆ្នាំង ទើបបត់សំដៅមកកាន់ចំណុចចាប់ផ្តើមវិញ។ ដែលផ្លូវមានប្រវែង២៦គីឡូម៉ែត្រ ដោយកីឡាករទាំងអស់ ត្រូវប្រណាំងលើវិញ្ញាសារកង់គួកបុរសខ្នាតធំ វិញ្ញាសារកង់គួកបុរសថ្នាល វិញ្ញាសារកង់គួកបុរស រយៈចំងាយផ្លូវសំរាប់ប្រណាំងកីឡាទោចក្រយាននេះ ។ ដោយឡែកនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ ក្រុមកីឡាកង់ភ្នំនឹងចូលរួមប្រកួតនៅចំណុចភ្នំត្រោក ស្ថិតក្នុងភូមិត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយត្រូវប្រកួតលើវិញ្ញាសារកង់ភ្នំឈុតធំ វិញ្ញាសារកង់ភ្នំថ្នាល វិញ្ញាសារកង់ភ្នំនារី និងវិញ្ញាសារកង់ភ្នំបុរស។
នៅក្នុងការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៣នៅខេត្តកំពង់ឆ្នាំងនេះ ធ្វើឡើងក្នុងគោលបំណងរក្សាបាននូវនិរន្តភាពនៃការអភិវឌ្ឍន៍ និងត្រៀមសំរាប់ការប្រកួតអន្តរជាតិនានា នៅពេលខាងមុខ ៕ ដោយ ៖ កាំង ហុងវាស្នា