អីរ៉ង់ ៖ ក្រុមអ្នកវិភាគ បាននិយាយថា ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ដែលយុទ្ធជនរបស់ពួកគេបានប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល នៅតាមព្រំដែនលីបង់ ចាប់តាំងពីសង្គ្រាមហ្កាហ្សា បានផ្ទុះឡើងក្នុងខែតុលានោះ មិនចង់ចូលទៅក្នុងសង្រ្គាមពេញលេញជាមួយអ៊ីស្រាអែលទេ ដោយចង់រក្សាស្ថានភាពនៃ សង្គ្រាមតំបន់ពណ៌ប្រផេះ។
ក្រុមអ្នកវិភាគ បានប្រាប់សារព័ត៌មាន UPI ថា អ៊ីស្រាអែល ត្រូវប្រថុយនឹងការប្រឈមមុខដាក់គ្នាដ៏ធំបែបនេះ ដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួន ក្នុងការរុញច្រានក្រុមហេបូឡាចេញពីព្រំដែនរបស់ខ្លួន និងធានាការវិលត្រឡប់មកវិញនៃជនភៀសខ្លួនរបស់ខ្លួន នៅភាគខាងជើង ទោះបីជាវាអាចនាំឲ្យមាន សង្គ្រាម ក្នុងតំបន់ក្តី។
ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងការទូតដែលដឹកនាំដោយសហរដ្ឋអាមេរិកអាចបង្កើតឱកាសដើម្បីឈានទៅដល់កិច្ចព្រមព្រៀងសម្រាប់ការបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនអ៊ីស្រាអែល-លីបង់ មិនមែនជាបេសកកម្មងាយស្រួលនោះទេ ដរាបណាសង្រ្គាម នៅតំបន់ហ្កាហ្សា នៅតែបន្ត។
អ៊ីស្រាអែល និងក្រុមហេសបូឡា បានចូលរួមក្នុងការប្រយុទ្ធគ្នាជារៀងរាល់ថ្ងៃ ដែលភាគច្រើន ត្រូវបានដាក់កម្រិតទៅផ្នែកខ្លះនៃលីបង់ភាគខាងត្បូង និងអ៊ីស្រាអែលភាគខាងជើង ចាប់តាំងពីក្រុមសកម្មប្រយុទ្ធលីបង់ បានចូលរួមក្នុងសមរភូមិមួយថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល បានបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។

