អាមេរិក ៖ បន្ទាប់ពីការវាយប្រហារដោយយានដ្រូនរបស់សហរដ្ឋអាមេរិក បានសម្លាប់មេដឹកនាំយោធាអ៊ីរ៉ាក់ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋាភិបាលអ៊ីរ៉ាក់ បាននិយាយថា ខ្លួននឹងចាត់វិធានការ ដើម្បីបញ្ចប់វត្តមានរបស់សម្ព័ន្ធយោធាដែលដឹកនាំដោយអាមេរិក នៅក្នុងប្រទេសនេះ។
ការិយាល័យរបស់ លោកនាយករដ្ឋមន្ត្រី Mohammed Shia al-Sudani បានប្រកាសកាលពីថ្ងៃសុក្រថា លោកកំពុងបង្កើតគណៈកម្មាធិការទ្វេភាគី ដើម្បីរៀបចំសម្រាប់ការបញ្ចប់នៃកងទ័ពអាមេរិកជាង ២០ឆ្នាំនៅក្នុងប្រទេសអ៊ីរ៉ាក់។
មេដឹកនាំអ៊ីរ៉ាក់ បានចូលកាន់តំណែងកាលពីដើមឆ្នាំមុន និយាយអំពីតម្រូវការបន្តសម្រាប់កងទ័ពអាមេរិក ដែលកំពុងបណ្តុះបណ្តាលជនជាតិអ៊ីរ៉ាក់ឲ្យប្រយុទ្ធនឹងក្រុមអាយស៊ីស (ISIS)។ ប៉ុន្តែស្ថានភាព ក្នុងប្រទេសអ៊ីរ៉ាក់ បានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីសហរដ្ឋអាមេរិក បានចាប់ផ្តើមការវាយប្រហារជាមួយកងជីវពលអ៊ីរ៉ាក់ បន្ទាប់ពីការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាស បានបង្កឲ្យមានភាពតានតឹង នៅទូទាំងមជ្ឈិមបូព៌ា។
អ្នកវិភាគអ៊ីរ៉ាក់សម្រាប់ក្រុមវិបត្តិអន្តរជាតិ បានសរសេរនៅលើបណ្តាញសង្គមX ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើមេដឹកនាំកងជីវពលមួយ នៅកណ្តាលទីក្រុងបាកដាដ ដោយពុំមានការយល់ព្រមពីរដ្ឋាភិបាលអ៊ីរ៉ាក់ បាននាំក្រុមអ្នកនយោបាយកណ្តាលនិយម ធ្វើការប្រឆាំងនឹងសហរដ្ឋអាមេរិក។

