អាមេរិក៖ លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកឯកទេសខាងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងអំឡុងសន្និសីទតាម Video កាលពីថ្ងៃអង្គារថា វីរុសកូរ៉ូណាថ្មីដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា គឺជាការគំរាមកំហែងធ្ងន់ធ្ងរបំផុត ចំពោះការខិតខំរបស់សហរដ្ឋអាមេរិកក្នុងការលុបបំបាត់ជំងឺ COVID-19 នៅតាមព្រំដែនរបស់ខ្លួន។

លោក Fauci បាននិយាយថា សមត្ថភាពនៃការចម្លងរបស់វីរុសបម្លែងខ្លួនថ្មី Delta លឿនជាងវីរុស COVID-19 ដំបូង ដោយបន្ថែមថា វាជាកត្តាជំរុញឲ្យជំងឺនេះមានស្ថានភាពធ្ងន់ធ្ងរ។ ប្រធានផ្នែកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃសុក្រថា វីរុសបម្លែងខ្លួនថ្មីនេះកំពុងក្លាយជាប្រភេទជំងឺ ដែលបង្កមហន្តរាយខ្លាំងក្លាទូទាំងពិភពលោក។ លោក Fauci បាននិយាយថា វ៉ាក់សាំងដែលត្រូវបានអនុញ្ញាតនៅក្នុងសហរដ្ឋអាមេរិក រួមទាំងវ៉ាក់សាំង Pfizer-BioNTech មានប្រសិទ្ធភាពប្រឆាំងនឹងវីរុស COVID-19 បម្លែងខ្លួនថ្មីនេះ៕
អត្ថបទ៖ សុខមាន