អ៊ុយក្រែន ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Rustem Umerov បាននិយាយ កាលពីថ្ងៃទី៥ ខែមករាថា ប្រទេសអ៊ុយក្រែន និងឡាតវី កំពុងរៀបចំគម្រោងរួមគ្នា ក្នុងការផលិតយានដ្រូន។
មុននេះ លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelensky) បានសន្យាថា អ៊ុយក្រែននឹងផលិតយានដ្រូនចំនួន មួយលានគ្រឿង នៅឆ្នាំ ២០២៤ ដោយទទួលស្គាល់ពីសារៈសំខាន់នៃអាវុធនេះ នៅលើសមរភូមិអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់ Umerov ធ្វើឡើង បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយរដ្ឋមន្ត្រីការពារជាតិឡាតវី លោក Andris Spruds ដែលក្នុងនោះ ពួកគេបានពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ន នៅខ្សែត្រៀមជួរមុខ ជាពិសេសការប្រើប្រាស់សង្គ្រាមអេឡិចត្រូម៉ាញេទិក និងយានដ្រូន។
លោក Umerov បាននិយាយនៅលើគេហទំព័រហ្វេសប៊ុកថា៖«ខ្ញុំបានអរគុណសហការីរបស់ខ្ញុំចំពោះជំហានសកម្មរបស់ឡាតវី ក្នុងការអភិវឌ្ឍសម្ព័ន្ធភាពយានដ្រូន។ យើងនឹងបង្កើនការផលិតយានដ្រូន និងជំរុញគម្រោងរួមគ្នា នៅក្នុងវិស័យនេះ»។

