អ៊ុយក្រែន ៖ អ្នកនាំពាក្យសេវាកម្មការពារព្រំដែនលោក Andrii Demchenko បាននិយាយទៅកាន់សារព័ត៌មាន Ukrinform កាលថ្ងៃទី៥ ខែមករាថា ចំពេលមានការបិទផ្លូវ ដែលកំពុងបន្ត និងការតវ៉ាពីអ្នកដឹកទំនិញប៉ូឡូញ រថយន្តដឹកទំនិញចំនួន ២.០០០ កំពុងរង់ចាំតម្រង់ជួរ ដើម្បីចូលអ៊ុយក្រែនពីប្រទេសប៉ូឡូញ។
អ្នកដឹកទំនិញប៉ូឡូញ បានចាប់ផ្តើមបិទច្រកឆ្លងកាត់ចំនួន៤ ជាមួយអ៊ុយក្រែន ក្នុងខែវិច្ឆិកា ក្នុងការតវ៉ាចំពោះសេរីភាវូបនីយកម្មនៃច្បាប់ឆ្លងកាត់របស់សហភាពអឺរ៉ុបសម្រាប់អ្នកដឹកទំនិញអ៊ុយក្រែន។ ការបិទផ្លូវនេះ បានបណ្តាលឲ្យរថយន្តដឹកទំនិញកកស្ទះ នៅសងខាងព្រំដែន ដែលបានធ្វើឲ្យអ្នកបើកបរជាប់ក្នុង សីតុណ្ហភាពត្រជាក់ខ្លាំង។
អ្នកដឹកទំនិញប៉ូឡូញ និយាយថា ការផ្អាកប្រព័ន្ធអនុញ្ញាត បានបណ្តាលឲ្យមានការហូរចូលនៃទំនិញអ៊ុយក្រែនយ៉ាងច្រើនទៅកាន់សហភាពអឺរ៉ុប។ តំណាងអ្នកដឹកទំនិញប៉ូឡូញ និងស្លូវ៉ាគី ក៏និយាយដែរថា ការដឹកជញ្ជូនទំនិញ កំពុងកាត់បន្ថយអាជីវកម្ម នៅក្នុងប្រទេសរៀងៗខ្លួន ដែលមន្ត្រីអ៊ុយក្រែនបដិសេធ។
លោក Demchenko បាននិយាយថា ច្រកព្រំដែនចំនួន៤ រវាងប៉ូឡូញ និងអ៊ុយក្រែន ត្រូវបានបិទ គិតត្រឹមព្រឹកថ្ងៃទី៥ ខែមករា។

