
នៅថ្ងៃអាទិត្យនេះ ក្រុមការងារជួយសង្រ្គោះនៅទីក្រុងរងផលប៉ះពាល់ដោយសារការរញ្ជួយដីជប៉ុន បានបង្ហាញក្តីកង្វល់ថា សីតុណ្ហភាពធ្លាក់ចុះ និងលទ្ធភាពនៃការធ្លាក់ព្រិល អាចនឹងធ្វើឲ្យកាន់តែធ្ងន់ធ្ងរដល់កិច្ចខិតខំជួយសង្រ្គោះ និងការផ្តល់ជំនួយ ។
នៅព្រឹកថ្ងៃអាទិត្យនេះដែរ ទីក្រុង Wajima ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការរញ្ជួយដីកម្រិត ៧,៦រ៉ិចទ័រនៅថ្ងៃចូលឆ្នាំសកល មានភ្លៀងធ្លាក់ខ្លាំង ។ ក្រុមការងារជួយសង្រ្គោះ បានពុះពារគ្រប់ឧបសគ្គធ្វើការទាំងកណ្តាលភ្លៀងនៅតាមអគាររងការខូចខាត ។
ខណៈពេលនោះដែរ កងកម្លាំងស្វ័យការពារជប៉ុន បានជម្លៀសក្រុមអ្នកភូមិជាប់ខ្លួនតាមឧទ្ធម្ភាគចក្រនៅខេត្ត Ishikawa ។
កងកម្លាំងស្វ័យការពារជប៉ុន និយាយថា អ្នកស្រុកចំនួន ៣០នាក់ ត្រូវបានជម្លៀសខ្លួនរួចរាល់ ហើយពួកគេមួយចំនួនទៀត កំពុងរង់ចាំការជម្លៀសខ្លួន ហើយការជម្លៀសអ្នកភូមិ ត្រូវបាននាំពួកគេទៅកាន់អាកាសយានដ្ឋានក្បែរនោះ ។
សូមបញ្ជាក់ថា អ្នកភូមិក្នុងខេត្ត Ishikawa នៅដាច់ឆ្ងាយពីគេ ពេលដែលបំណាក់ដីធ្វើឲ្យប៉ះពាល់ដល់ផ្លូវជុំវិញខេត្ត អំឡុងការរញ្ជួយដីកាលពីថ្ងៃចូលឆ្នាំសកល ៕