
អ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងអ៊ីស្រាអែល បានបញ្ចប់ការកម្ទេចប្រព័ន្ធយោធាក្រុមជីវពលហាម៉ាស់នៅតំបន់ភាគខាងជើងហ្គាហ្សា និងបានសម្លាប់ក្រុមជីវពលប្រហែល ៨ពាន់នាក់នៅតំបន់នោះ ។
លោកឧត្តមនាវីទោ Daniel Hagari និយាយនៅក្នុងសន្និសីទសារព័ត៌មានថា យោធាអ៊ីស្រាអែល រឹបអូសបានអាវុធរាប់ម៉ឺនគ្រឿងផងដែរនៅតំបន់នោះ ហើយនិងឯកសាររាប់លានឯកសារ ។
លោកថា ពួកយើងកំពុងប្រតិបត្តិការតាមផែនការដើម្បីសម្រេចគោលដៅសង្រ្គាម ដើម្បីកម្ទេចក្រុមហាម៉ាស់នៅតំបន់ភាគខាងត្បូង និងភាគខាងជើងហ្គាហ្សា ។
ក្រុមមន្រ្តីសុខភាពប៉ាឡេស្ទីន និយាយថា ការវាយលុករបស់អ៊ីស្រាអែលដែលមានគោលដៅធ្វើឲ្យក្រុមហាម៉ាស់រលាយសាបសូន្យពីផែនដី បានសម្លាប់មនុស្ស ២២.៧២២នាក់ គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ និងបានធ្វើឲ្យខ្ទេចខ្ទីតំបន់បិទច្រកដែលមានពលរដ្ឋរស់នៅ ២,៣លាននាក់មួយនេះ ។
ពួកគេនិយាយថា ជនប៉ាឡេស្ទីន យ៉ាងហោច ១២២នាក់ ត្រូវបានសម្លាប់ និង ២៥៦នាក់ផ្សេងទៀត បានរងរបួសនៅតំបន់ហ្គាហ្សា អំឡុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ៕