
កាលពីថ្ងៃសៅរ៍ម្សិលមិញ កងកម្លាំងអ៊ីស្រាអែល និងក្រុមហេសប៊ូឡាគាំទ្រដោយអ៊ីរ៉ង់ បានផ្ទុះអាវុធដាក់គ្នា ស្របពេលដែលមានក្តីកង្វល់ថា សង្រ្គាមហ្គាហ្សា អាចនឹងរីករាលដល់ប្រទេសលីបង់ ។
ក្រុមហេសប៊ូឡា ដែលជាសម្ព័ន្ធមិត្តយោធាលីបង់របស់ក្រុមជីវពលហាម៉ាស់នៅហ្គាហ្សា និយាយថា ពួកគេបានវាយប្រហារលើប៉ុស្តិ៍សង្កេតការណ៍សំខាន់មួយកន្លែងរបស់អ៊ីស្រាអែល ដោយប្រើប្រាស់រ៉ុក្កែតចំនួន ៦២គ្រាប់ ។
ការវាយប្រហារលើកនេះដែរ ត្រូវបានគេចាត់ទុកថាជាការឆ្លើយតបបឋមចំពោះការសម្លាប់មេបញ្ជាការរងក្រុមហាម៉ាស់លោក Saleh al-Arouri កាលពីថ្ងៃអង្គារកន្លងទៅ ។
យោធាអ៊ីស្រាអែលនិយាយថា ការផ្លោងគ្រាប់រ៉ុក្កែតប្រហែល ៤០គ្រាប់ ត្រូវបានបញ្ជាក់ថាបានបាញ់ចេញពីទឹកដីលីបង់ឆ្ពោះទៅកាន់តំបន់ Meron ស្ថិតនៅភាគខាងជើងអ៊ីស្រាអែល ។
យោងតាមការអះអាងរបស់យោធា បានឲ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែល និងទាហានរបស់ពួកគេ បានវាយប្រហារលើគោលដៅជាច្រើនរបស់ក្រុមហេសប៊ូឡា នៅតំបន់ភាគខាងត្បូងប្រទេសលីបង់ ។
សូមបញ្ជាក់ថា អំពើហិង្សា បានកើនឡើងនៅតំបន់ហ្គាហ្សា និងតំបន់ព្រំដែនអ៊ីស្រាអែល-លីបង់ អស់រយៈ ៣ខែមកហើយ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ ៕