
លោក Vadym Filashkin គឺជាអភិបាលតំបន់ Donetsk គ្រប់គ្រងដោយអ៊ុយក្រែន និយាយថា ការវាយប្រហារដោយមីស៊ីលរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោច ១០នាក់ នៅទីក្រុង Pokrovsk ស្ថិតនៅភាគខាងកើតអ៊ុយក្រែន ។
លោក Filashkin បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា មនុស្ស ១១នាក់ បានស្លាប់ រួមទាំងកុមារ ៥នាក់ផងដែរ ទាំងនេះគឺជាផលវិបាកសម្រាប់ការវាយប្រហារបច្ចុប្បន្នលើទីក្រុង Pokrovsk ។
ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បាននិយាយនៅក្នុងសុន្ទរកថានាពេលល្ងាចប្រចាំថ្ងៃរបស់លោកថា មនុស្សយ៉ាងហោច ១០នាក់ ត្រូវបានសម្លាប់ ហើយប្រតិបត្តិការជួយសង្រ្គោះ កំពុងធ្វើឡើង ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ ទីតាំង ឬកាលបរិច្ឆេតនៃរូបថតសន្លឹកចែករំលែកដោយក្រុមអាជ្ញាធរអ៊ុយក្រែនបានឡើយ ដែលពួកគេនិយាយថា វាបង្ហាញពីលទ្ធផលនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ។
សូមបញ្ជាក់ថា ទីក្រុង Pokrovsk ដែលស្ថិតនៅក្នុងដែនដីគ្រប់គ្រងដោយអ៊ុយក្រែននោះ មានចម្ងាយប្រហែល ៨០គ.មភាគពាយ័ព្យតំបន់ Donetsk ដែលរុស្ស៊ីកាន់កាប់នៅភាគកណ្តាលតំបន់ ៕