
កាលពីថ្ងៃសៅរ៍ម្សិលមិញ បាតុកររាប់ពាន់នាក់នាំគ្នាស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាល ពេលពួកគេដង្ហែក្បួនតាមដងផ្លូវនៅក្នុងទីក្រុងដាកា ដើម្បីប្រឆាំងការបោះឆ្នោត ។
បង់ក្លាដែស រៀបចំការបោះឆ្នោតសកលនៅថ្ងៃអាទិត្យនេះ ក្នុងនោះលោកស្រីនាយករដ្ឋមន្រ្តី Sheikh Hasina ត្រូវបានគេគិតថាអាចនឹងឈ្នះអាណត្តិទី ៤ជាប់ៗគ្នារបស់លោកស្រី ហើយនិងជាអាណត្តិទី ៥សម្រាប់ក្រុមសម្ព័ន្ធដឹកនាំដោយគណបក្សសម្ព័ន្ធ Awami របស់លោកស្រី បើទោះបីជាសេដ្ឋកិច្ចបង់ក្លាដែស ត្រូវការថវិកាសង្រ្គោះអន្តរជាតិកាលពីឆ្នាំមុនក៏ដោយ ។
គណបក្សប្រឆាំងជាតិនិយមបង់ក្លាដែសដែលជាគណបក្សប្រឆាំងធំជាងគេរបស់អតីតនាយករដ្ឋមន្រ្តី Khaleda Zia បានធ្វើពហិកាការបោះឆ្នោតនេះ ក្រោយលោកស្រី Hasina ច្រានចោលការទាមទាររបស់ពួកគេឲ្យលោកស្រីលាលែងពីតំណែង និងដឹកនាំរដ្ឋាភិបាលចាំផ្ទះ គ្រប់គ្រងការបោះឆ្នោត ។
ដោយឡែក កាលពីថ្ងៃសុក្រកន្លងទៅ កងកម្លាំងសន្តិសុខ បានចាប់ខ្លួនមនុស្សយ៉ាងហោច ៣នាក់ នៅក្នុងទីក្រុងដាកា ដែលបានស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលនៅខាងក្រៅព្រះវិហារជាតិ Baitul Mukarram របស់ប្រទេសបង់ក្លាដែស ៕