
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល សិស្ស និស្សិត បញ្ញវន្តនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៤នេះ បានថ្លែងការណ៍ អបអរសាទរ ទិវាជ័យជម្នះ ៧ មករា លើរបបប្រល័យពូជសាសន៍
ក្រោមប្រធានបទ «ថ្ងៃ៧មករា៧៩ ជាមូលដ្ឋានគ្រឹះនៃសិទ្ធរស់រានមានជីវិត និងការអភិវឌ្ឍន៍»។
ក្រុមយុវជនសង្គមស៊ីវិល សិស្ស និស្សិត បញ្ញវន្ត បានបង្ហាញសេចក្ដីសោមនស្សរីករាយរំឮកដល់គុណបំណាច់ដ៏មហាធំធេង នាឱកាសថ្ងៃទិវាជ័យជម្នះ ៧ មករា ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។
លោក ហេង សំណាង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានឱ្យដឹងថាបណ្តាលក្រុមយុវជនខេត្តក្រុងនានា បានរួមគ្នារៀបចំការអបអរសាទរទិវា ថ្ងៃ៧ មករា ជាមួយ រដ្ឋបាលក្រុង ស្រុក ខេត្តជាបន្តបន្ទាប់ក្នុងថ្ងៃនេះ។ លោកថ្លែងថា អ្វីដែលយុវជនចង់ឃើញ គឺធ្វើយ៉ាងណាចង់ចាំនូវថ្ងៃប្រវត្តិសាស្ត្រ ៧មករា និងឱ្យតម្លៃការធ្វើកិច្ចការងារដើម្បីសង្គមជាតិ និងចូលរួមការពារទឹកដី មាតុភូមិរបស់កម្ពុជាឱ្យទទួលបាននូវសុខសន្ដិភាព។
លោកថ្លែងថា យុវជនសង្គមស៊ីវិលនៅតាមណ្តាលខេត្ត ក្រុង នានា បានសម្តែងការអរគុណ និងដឹងគុណដល់វីរភាព អតីតយុទ្ធជន ប្រជាជនដែលបានលះបង់ជីវិត ក្នុងការរក្សាទឹកដីពិសេស ដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាអគ្គមគ្គុទេសឯក សន្តិភាព និងជាអ្នករំដោះកម្ពុជាចេញពីភាពខ្មៅងងឹត យង់ខ្នង ពីរបបសម្លាប់រង្គាល ប្រល័យពូជសាសន៍ ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហម។
ក្នុងឱកាសនេះ ក្រុមយុវជនសង្គមស៊ីវិលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនីតិកាលទី៦ និងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍធនធានសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ដើម្បីបន្តធានាបាន នូវសមិទ្ធផលនានា និងធានាបាននូវសុខ សន្តិភាព របស់កម្ពុជាជានិរន្តន៍៕អត្ថបទ៖ វ៉ន ដារ៉ា





