
ស្វាយរៀង៖ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធមីទ្ទីងរំឮកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៤) នៅសាលាក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤នេះ ។ ក្នុងឱកាសប្រារព្ធមីទ្ទិញនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងក្រុងបាវិត ទាំងមូល។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានរំឮកផងដែរថា ការជួបជុំគ្នាប្រចាំឆ្នាំក្នុងទិវាជ័យជម្នះប្រវត្តិសាស្រ្តនេះថា គឺជាថ្ងៃដែលប្រជាជនកម្ពុជាទាំងអស់គ្នា បានរួចផុតពីការធ្វើ ទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។និងបានសម្តែងនូវទុក្ខក្រៀមក្រំដែលជាតិសាសន៍ខ្មែរដែលបានពលី បាត់បង់អាយុជីវិត និងបែកបាក់ក្រុមគ្រួសារ ក្នុងរបបប្រល័យពូជ សាសន៍។ព្រមទាំងបានសប្បាយរីករាយបន្ទាប់ពីការរស់ រានមានជីវិតឡើងវិញ និងចាប់ផ្តើមសំឡឹងមើលទៅរកអនាគតថ្មីមួយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា និងបានសម្តែងនូវគុណូបការៈ ដឹងគុណ និងកត្តញ្ញូតាធម៌ជូនរបស់វីរយុទ្ធជន យុទ្ធនារី ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រជាជនកម្ពុជាឱ្យរួចផុតពីស្លាប់ ។ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានលើកឡើងទៀតថា ការប្រារព្ធខួប ៧ មករា បានរំឮកឱ្យយើងទាំង អស់គ្នាបានដឹងនូវមេរៀនជាច្រើនសម្រាប់ឱ្យប្រជាពលរដ្ឋខ្មែរ ត្រូវចងចាំ និងត្រូវខិតខំពុះពារគ្រប់បែបយ៉ាង កុំឱ្យប្រវត្តិសាស្រ្តបែបនេះកកើតឡើងជាលើកទី២នៅកម្ពុជា ក៏ដូចជាបង្រៀនឱ្យយើងចេះស្រឡាញ់គ្នានិងរួមគ្នាកសាងនូវអនា គតដ៏ល្អសម្រាប់ជាតិមាតុភូមិរបស់យើង។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តទៀតថា យើងទាំងអស់គ្នាត្រូវរួបរួមគ្នា និងសំឡឹងមើលទៅរកអនាគតមួយល្អប្រសើរសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចបានខិតខំប្រឹងប្រែងបំពេញ ការងារទាំងយប់ ទាំងថ្ងៃ ទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីជាតិរបស់យើង។ រយៈពេលជាង៤ខែនៃរដ្ឋាភិបាលអាណត្តិទី៧ ប្រជាជនកម្ពុជាទាំងអស់ បានដឹងយ៉ាងច្បាស់ថា សម្តេចធិបតី ពិតជាមានសមត្ថភាពគ្រប់ គ្រាន់ក្នុងការ ដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ និងបង្កើតនូវក្តីសង្ឃឹមភ្លឺស្វាងមួយសម្រាប់ប្រជាជនកម្ពុជា ៕








