
កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ ត្រូវនឹងខួបលើកទី ៤៥ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុលពត នៅបរិវេណវិមានឯករាជ្យខេត្តកំពង់ស្ពឺ ប្រជាពលរដ្ឋ អាជ្ញាធរ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងយុវជន ប្រមាណ ៥ ពាន់នាក់ បាននាំគ្នាប្រារព្ធពិធីអបអរសាទរ ទិវាជ័យជម្នះ ៧មករា យ៉ាងអធិកអធម។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានីរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ប្រចាំភូមិភាគ និងមណ្ឌលខេត្តកំពង់ស្ពឺ អនុប្រធាន សមាជិក សមាជិកាក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្ត។ ពិធីអបអរសាទរ ទិវាជ័យជម្នះ ៧ មករា គឺជាការរំលឹកដល់ការលះបង់ និងពលិកម្មរបស់យុទ្ធជន យុទ្ធនារីក្លាហាន និងថ្នាក់ដឹកនាំជំនាន់មុន ដែលបានបូជាជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីជ្រោះមរណៈនៃបនប្រល័យពូជសាសន៍ប៉ុលពត។
ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្នាមញញឹម បានសម្តែងនូវក្តីអំណរសាទរជាមួយបណ្តាសមិទ្ធផលដែលខេត្ត ក៏ដូចជាប្រទេសជាតិទាំងមូលសម្រេចបានក្នុងរយៈកាល ៤៥ឆ្នាំចុងក្រោយនេះ ដែលទទួលបានការរីកចម្រើនលើគ្រប់វិស័យ។ នៅក្នុងសុន្ទរកថារបស់សម្តេចប្រធានគណបក្ស ដែលបានអានដោយ ឯកឧត្តម ហ៊ុន ម៉ានី បានរំលឹកនូវវីរភាព និងបេសកកម្មជាប្រវត្តិសាស្រ្តរបស់ថ្នាក់ដឹកនាំ ជាអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះជាតិ និងដំណើរស្វែងរកសន្តិភាពប្រកបដោយជោគជ័យ ដោយបានបញ្ចប់បានទាំងស្រុងនូវជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ។ ជាមួយគ្នានោះដែរ សម្តេចក៏បានធ្វើការគូសបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តខ្ពស់របស់គណបក្សក្នុងការបន្តថែរក្សា ការពារ សន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ។
សូមបញ្ជាក់ផងដែរថា ក្នុងពិធីមិទ្ទីង អបអរសាទរខួបលើកទី ៤៥ ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧មករា ក្រៅពីការស្តាប់សុន្ទរកថាដ៏មានអត្ថន័យរបស់សម្តេចប្រធានគណបក្ស និងពិធីគោរពវិញ្ញាណក្ខន្ធ ក៏មានការសម្តែងទស្សនីយភាពចម្រុះមហាជន ដោយសិល្បករ សិល្បការិនីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងការព្រលែងព្រាប និងបង្ហោះប៉ោងប៉ោង ជានិមិត្តរូបនៃការគោរពដឹងគុណ និងអរគុណដល់សន្តិភាពផងដែរ។




