
បុស្បុក តម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោកាលនៅជាកុមារភាព ស្ថិតនៅចំណុចស្ពានពាមទេ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានសាងសង់ចប់ជាស្ថាពរ ដោយគ្រោងសម្ពោធជាផ្លូវការនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត។
កាលពីល្ងាចថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ជា ធីរិទ្ធ ជំនួយការសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងមន្រ្តីរាជការរដ្ឋបាលខេត្តក្រចេះ បានធ្វេីពិធីក្រុងពាលីសុំសេចក្តីសុខ និងពិធីពុទ្ធាភិសេកព្រះពុទ្ធបដិមាថ្មីនៅសាលាឆទាន ក្នុងបរិវេណបុស្បុកតម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្តេចតេជោ ហ៊ុន សែន កាលពីកុមារភាព ដើម្បីត្រៀមសម្ពោធជាផ្លូវការ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ស្អែកនេះ។
ឯកឧត្តម វ៉ា ថន លេីកឡេីងថា បុស្បុកនេះ សាងសង់ឡើង ដេីម្បីរំលឹកអនុស្សាវរីយ៍ដល់វីរភាពរបស់សម្ដេចតេជោ កាលនៅពីកុមារភាព ហើយលោកក៏ធ្លាប់នៅវត្ត និងទទួលបានការបីបាច់ថែរក្សានិងអប់រំ ពីសំណាក់ព្រះគ្រូធម្មាចារ្យ គឹម ច្រែង ដែលជាព្រះគ្រូរបស់លោក។
សូមបញ្ជាក់ផងដែរថា សំណង់បុស្បុកតម្កល់រូបសំណាក ព្រះគ្រូធម្មាចារ្យ គឹម ច្រែង និងសម្ដេចតេជោនៅកុមារភាពនេះ ធ្វេីឡើងទៅតាមរចនាបទខ្មែរទាំងស្រុង ដោយមានទំហំខាងក្នុង ប្រវែង៣,៦ម៉ែត្រ x ៣,៦ម៉ែត្រ កំពស់ប្រវែង ២៤,៣ម៉ែត្រ រូបសំណាកព្រះគ្រូធម្មាចារ្យ គឹម ច្រែង កំពស់២,៧ម៉ែត្រ រូបសំណាក សម្តេចតេជោ ហ៊ុន សែន កំពស់១,៦៨ម៉ែត ធ្វើអំពីស្ពាន់ និងមានរៀបចំសួនច្បារ ដាំដើមឈើ ខឿនសួន បង្គោលភ្លើង ចំណតរថយន្ត និងការងារតុបតែងលំអស្ពាន ៕










