ភ្នំពេញ ៖ ជុំវិញការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ គិតចាប់ពីពេលចាប់ផ្ដើមកាលពីថ្ងៃទី ១០ មិថុនា មកទល់ពេលនេះ គឺមានគ្រួសារទទួលផលចំនួន ៥៧៩០២ គ្រួសារ នៃចំនួនគ្រួសារទទួលផលសរុប ៦១៦៧៨ គ្រួសារ បានមកបើកសាច់ប្រាក់នៅតាមភ្នាក់ងារ វីង រួចរាល់។ នេះជាការបញ្ជាក់ របស់ប្រធាននាយកដ្ឋានសុខុមាលភាព សង្គម នៃក្រសួងសង្គមកិច្ច។
សម្រាប់ការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ គឺកំពុងដំណើរការបានល្អប្រសើរ។ នេះជាការបញ្ជាក់របស់ លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច។ លោក បន្តថា ក្នុងចំណោមគ្រួសារទទួលផលសរុប ៦១៦៧៨គ្រួសារ គឺមានគ្រួសារចំនួន ៥៧៩០២ គ្រួសារ ដែលពួកគាត់បានទៅបើកសាច់ប្រាក់នៅតាមភ្នាក់ងារ វីង រួចរាល់ដើម្បីយកថវិកាទាំងនោះប្រើប្រាស់ទៅតាមភាពចាំបាច់របស់ខ្លួន។ កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ ជាកម្មវិធីជំនួយសង្គមថ្មីមួយដែលរាជរដ្ឋាភិបាលបង្កើតឡើងភ្លាមៗដើម្បីជួយសម្រួលជីវភាពប្រជាពលរដ្ឋដែលរងការប៉ះពាល់ខ្លាំង ដោយការបិទខ្ទប់។
កម្មវិធីនេះ ផ្តោតសំខាន់ជួយដល់ គ្រួសារមានជីវភាពលំបាក ក្នុងតំបន់បិទខ្ទប់ក្នុងទីតាំងរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្ដាល និងក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុដោយមិនរាប់បញ្ចូលគ្រួសារដែលមានប័ណ្ណសមធម៌មានសុពលភាព លើសពីនេះក៏ផ្ដល់អត្ថប្រយោជន៍សម្រាប់គ្រួសារដែលមានសមាជិកឆ្លងកូវីដ-១៩ ដែលមានជីវភាពលំបាក និងគ្រួសារដែលមានសមាជិកបាត់បង់ជីវិតដោយសារកូវីដ ក្នុងក្របខណ្ឌទូទាំងប្រទេស។
ចំពោះការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ លោក ឈួរ សុបញ្ញា តែងលើកឡើងឱ្យគ្រួសារទទួលផលទាំងអស់ ត្រូវប្រើប្រាស់ថវិកាដែលទទួលបានពីរាជរដ្ឋាភិបាលឱ្យបានត្រឹមត្រូវ ចំគោលដៅ ព្រោះកម្មវិធីនេះ គឺអនុវត្តតែមួយដងប៉ុណ្ណោះ ពុំទទួលបានប្រចាំខែនោះទេ។
ជាការគិតគូរបន្ថែមចំពោះគ្រួសារដែលរងការប៉ះពាល់ខ្លាំងពីការបិទខ្ទប់ រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យគ្រួសារដទៃទៀត បន្តមកដាក់ពាក្យស្នើសុំការសម្ភាសន៍ផងដែរ។ ជាក់ស្ដែងខណៈពេលនេះ មន្ត្រីមូលដ្ឋានដោយមានការចូលរួមពី យុវជន សហភាពសហព័ន្ធយុវជនកម្ពុជា កំពុងបន្តចុះសម្ភាសន៍បន្ថែមទៀត ដោយការសម្ភាសន៍នេះមានរយៈពេលមួយសប្ដាហ៍ ចាប់រាប់ពីថ្ងៃបិទបញ្ចប់ការដាក់ពាក្យស្នើសុំកាលពីថ្ងៃទី ១៧មិថុនា កន្លងទៅ។ តាមការបញ្ជាក់របស់ក្រសួងផែនការ ជាក្រសួងសាម៉ីក្នុងការកំណត់អត្តសញ្ញាណគ្រួសារទទួលផល បញ្ជាក់ថា គ្រួសារដែលបានដាក់ពាក្យស្នើសុំនិងត្រូវសម្ភាសន៍បន្ថែមគឺមានចំនួន ជាង៦ម៉ឺនគ្រួសារបន្ថែមទៀត៕
អត្ថបទ៖ ប៉ោគឹមហុក