អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់បានចោទប្រកាន់ប្រទេសចិន កាលពីថ្ងៃសៅរ៍ (០៦ មករា) ថាបានគំរាមកំហែងសុវត្ថិភាពអាកាសចរណ៍ និងធ្វើសង្គ្រាមចិត្តសាស្ត្រលើប្រជាជនកោះតៃវ៉ាន់ ជាមួយនឹងបាឡុងថ្មីៗដែលប្រទះឃើញនៅជិត ឬពីលើកោះនេះ ប៉ុន្មានថ្ងៃមុនការបោះឆ្នោតតៃវ៉ាន់សំខាន់ៗ។

លទ្ធភាពដែលប្រទេសចិន ប្រើប្រាស់បាឡុងសម្រាប់ចារកម្មបានក្លាយជាបញ្ហាសកលកាលពីខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក បានបាញ់ទម្លាក់នូវអ្វីដែលខ្លួនបាននិយាយថាជាបាឡុងឃ្លាំមើលរបស់ចិន ប៉ុន្តែចិនបាននិយាយថា បាឡុងនោះជាយានស៊ីវិលដែលបានរសាត់ដោយចៃដន្យប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ អាជ្ញាធរការពាជាតិតៃវ៉ាន់បាននិយាយថា បាឡុងចិនគឺជា «ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ» ចំពោះសុវត្ថិភាពអាកាសចរណ៍អន្តរជាតិ ដែលជាផ្លូវហោះហើររបស់ខ្លួន។

អាជ្ញាធរនេះបានបន្តថាការវិភាគរបស់ខ្លួនគឺថាបាឡុងរបស់ចិននោះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ «តំបន់ប្រផេះ» របស់ចិនប្រឆាំងនឹងកោះតៃវ៉ាន់ «ក្នុងការប៉ុនប៉ងប្រើសង្រ្គាមផ្លូវចិត្តដើម្បីជះឥទ្ធិពលដល់ទំនុកចិត្តរបស់ប្រជាជនរបស់យើង»។
កោះតៃវ៉ាន់កំពុងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពយោធានិងនយោបាយរបស់ចិននៅមុនការបោះឆ្នោតមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះ។ កោះគ្រប់គ្រងបែបប្រជាធិបតេយ្យនេះនិយាយថាប្រទេសចិនកំពុងដាក់សម្ពាធផ្នែកយោធា និងសេដ្ឋកិច្ចក្នុងការប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោត៕