កោះកុង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ មករា ២០២៤ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉” និងជួបសំណេះសំណាលជាមួយ “បងប្អូនកម្មករ និយោជិតចំនួន ១១ ០០០នាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង” ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុង ដែលកាលពីអំឡុងពេលបោះឆ្នោត ជឿជាក់ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណ ៨៥,៧៥ ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងខេត្ត។
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បើគ្មានសន្ដិភាព គឺមិនអាចឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខបានទេ។ សន្ដិភាពនេះ គឺកើតឡើងតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យយកថ្ងៃទី ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃឈប់សម្រាក១ថ្ងៃនៅទូទាំងប្រទេស។








