សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឆ្លើយតបទៅកាន់ក្រុមអ្នករិះគន់មួយក្តាប់តូចថា ការកំណត់យកថ្ងៃទី២៩ ខែធ្នូ ជា«ទិវាសន្តិភាពនៅកម្ពុជា» គឺធ្វើឡើងសម្រាប់រំលឹកគុណបុគ្គលនេះ ឬប្រទេសណានោះ គឺមិនពិតនោះឡើយ ខណៈការកំណត់យកថ្ងៃទី២៩ ធ្នូ ឲ្យមានការឈប់សម្រាកជាសាធារណៈនេះ គឺដើម្បីរំលឹកដល់គុណតម្លៃនៃសន្តិភាពនៅកម្ពុជា និងដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដែលស្រលាញ់នូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន។

ក្នុងឱកាសអញ្ជើញសម្ពោធ«ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉»និងសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជាង១ម៉ឺននាក់ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការកំណត់យកថ្ងៃ២៩ ធ្នូ ជា«ទិវាជាតិសន្តិភាព» គឺដើម្បីជាការំលឹកគុណតម្លៃនៃសន្តិភាព ដែលខិតខំរកបានយ៉ាងលំបាក ហើយក៏សម្រាប់ខ្មែរទាំងអស់គ្នា ដែលស្រលាញ់សន្តិភាព និងស្អប់សង្គ្រាមជាដើម ដូច្នេះសម្តេចបានផ្តាំទៅក្រុមប្រឆាំងថា បើអ្នកណាមិនពេញ ហើយជំទាស់នឹងទិវាសន្តិភាពនេះ សូមអ្នកទាំងនោះកុំឈប់សម្រាកឱ្យសោះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា តម្លៃសន្តិភាពគឺមិនអាចអត់បាននោះទេ ហើយប្រទេសមានការរីកចម្រើនលើគ្រប់វិស័យនាពេលនេះ គឺកើតចេញពីប្រទេសមានសុខសន្តិភាពនេះហើយ ដូច្នេះបងប្អូនប្រជាពលរដ្ឋទាំងអស់គប្បីត្រូវថែរក្សានូវសុខសន្តិភាពនេះឲ្យខាងតែបាន មិនថាកាលៈទេសៈ ណានោះឡើយ៕អត្ថបទ៖ បាន ចក់











