មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅភាគខាងត្បូងកោះតៃវ៉ាន់នៅថ្ងៃនេះសម្រាប់ការប្រមូលផ្តុំគ្នារបស់បេក្ខជនមេដឹកនាំចំនួន៣រូប ជាការជំរុញចុងសប្តាហ៍ចុងក្រោយ សម្រាប់ការបោះឆ្នោតមុនពេលការបោះឆ្នោតដ៏សំខាន់នៅថ្ងៃទី ១៣ ខែមករា សប្ដាហ៍នេះ។

ការបោះឆ្នោតដែលខិតកាន់តែជិត កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់នៅក្នុងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ដោយអ្នកឈ្នះ នឹងត្រូវកំណត់អនាគតនៃទំនាក់ទំនងរបស់កោះគ្រប់គ្រងដោយប្រជាធិបតេយ្យមួយនេះ ជាមួយប្រទេសចិន។

ប្រទេសចិនបានអះអាងសិទ្ធិគ្រប់គ្រងកោះតៃវ៉ាន់ ថាជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយលោកប្រធានាធិបតីចិន Xi Jinping ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះបានបង្កើនវោហាសាស្ត្រអំពី ការជុំជាតិ ខណៈច្រានចោលការប្រើប្រាស់កម្លាំងក្រសោមយកកោះនេះមកដាក់នៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំង នៅថ្ងៃណាមួយ។

បេក្ខជនឈានមុខ និងជាមេដឹកនាំលំដាប់ទី២ បច្ចុប្បន្ន គឺ លោក ឡៃ ឆឹង-ទ (Lai Ching-te)មកពីគណបក្សប្រជាធិបតេយ្យជឿនលឿន(DPP) ដែលកំពុងកាន់អំណាចបានហៅការបោះឆ្នោតនេះ ថាជាជម្រើស រវាងលទ្ធិប្រជាធិបតេយ្យ និងស្វ័យភាព ខណគូប្រជែងដ៏សំខាន់របស់ខ្លួន គឺ លោកហួ យូអ៊ី ( Hou Yu-ih) បានព្រមានថា គណបក្សប្រជាធិបតេយ្យជឿនលឿន នឹងនាំតៃវ៉ាន់ កាន់តែខិតទៅជិតទៅរកសង្រ្គាម។
លោក ហួ គឺជាបេក្ខជនសម្រាប់គណបក្សគូមីងតាង (Kuomintang) របស់កោះនេះ ដែលគាំទ្រទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងប៉េកាំង។
គួរម្លឹកថា កោះតៃវ៉ាន់បានដឹកនាំដោយលោកស្រី សៃអ៊ីងវិន (Tsai Ing-wen) អស់រយៈពេល៨ឆ្នាំមកនេះជាមេដឹកនាំដែលទីក្រុងប៉េកាំងមិនពេញចិត្តចំពោះជំហររបស់លោកស្រីលើការការពារអធិបតេយ្យភាពរបស់កោះនេះយ៉ាងម៉ឺងម៉ាត់៕