រដ្ឋមន្ត្រីការបរទេសSសហរដ្ឋអាមេរិក លោក Antony Blinken និយាយថា ប្រជាជនប៉ាឡេស្ទីនមិនត្រូវរងសម្ពាធឱ្យចាកចេញពីតំបន់ហ្កាហ្សានោះទេ ហើយត្រូវតែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ នៅពេលដែលលក្ខខណ្ឌនានាអនុញ្ញាត។

លោក Blinken បានថ្កោលទោសសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីអ៊ីស្រាអែលមួយចំនួន ដែលបានអំពាវនាវឱ្យមានការតាំងទីលំនៅថ្មីរបស់ពលរដ្ឋប៉ាឡេស្ទីននៅកន្លែងផ្សេង។
មន្ត្រីសហរដ្ឋអាមេរិករូបនេះ កំពុងមានវត្តមាននៅប្រទេសកាតា ក្នុងដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ាចុងក្រោយរបស់លោក។

ការអត្ថាធិប្បាយរបស់លោក កើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់នៅជំរំជនភៀសខ្លួនមួយកន្លែងនៅភាគខាងជើងតំបន់ហ្កាហ្សា។
វីដេអូពីជំរំជនភៀសខ្លួនចាបាលីយ៉ា(Jabalia)បង្ហាញសាកសពដេករណូករណែលនៅក្នុងគំនរថ្មបាក់បែកនៃអគារដែលត្រូវបានបំផ្លាញ ដែលភាគច្រើនជាស្ត្រី និងកុមារ។
យោធាអ៊ីស្រាអែល ពុំទាន់ឆ្លើយតបនឹងរបាយការណ៍នេះនៅឡើយទេ។
ប្រជាជនប៉ាឡេស្ទីនជាង ៦០ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរនៅក្នុងថ្ងៃកន្លងមកនៅក្នុងទីក្រុង Khan Younis ភាគខាងត្បូង។

ជំរំ ចាបាលីយ៉ា ត្រូវបានវាយប្រហារជាច្រើនដង ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារមិនធ្លាប់មានដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស នៅលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា២០២៣កន្លងមកនេះ។យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស មនុស្សជាង២២.០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បានស្លាប់នៅតំបន់ហ្កាហ្សា។ប្រភពខាងលើបានរាយការណ៍ថាមានមនុស្សស្លាប់យ៉ាងហោចណាស់ ១១៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងនៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល៕