សារព័ត៌មាន The New York Times បានរាយការណ៍ថា សេតវិមាន និងមន្ទីរបញ្ចកោណ បានព្រមានថា ការផ្គត់ផ្គង់មីស៊ីលស្ទាក់ចាប់ Patriot អាចនឹងមិនមាននិរន្តរភាព ក្នុងពេលឆាប់ៗនេះ ដោយសារតម្លៃដ៏ថ្លៃ របស់ពួកវា ប្រហែលពី ២ លានដុល្លារ ទៅ ៤ លានដុល្លារ ក្នុងមួយគ្រាប់។

នៅពេលដែលរុស្ស៊ី បង្កើនការវាយប្រហារក្នុងរដូវរងារបស់ខ្លួនជាមួយនឹង មីស៊ីល និងយានដ្រូន កម្លាំងការពាររបស់អ៊ុយក្រែន គឺពឹងផ្អែកលើមីស៊ីល Patriot ដែលបានបង្ហាញថា មានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងអាវុធសំខាន់ៗរបស់លោកពូទីន។

កាលពីថ្ងៃអង្គារ អ៊ុយក្រែន បាននិយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលបាលិស្ទិក Kinzhals ថ្មីចំនួន១០ គ្រាប់ដែលត្រូវបានបាញ់ ក្នុងអំឡុងពេលការវាយប្រហារតាមផ្លូវអាកាសដ៏សាហាវ ដោយក្រសួងការបរទេសអ៊ុយក្រែន បានសរសើរការវាយប្រហារនេះថា ជាអ្វីដែលមានភាពខ្លាំងក្លាត្រូវបានផ្គត់ផ្គង់ជាមួយប្រព័ន្ធមីស៊ីលដ៏ទំនើបនេះ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពីមុន បាននិយាយថា មីស៊ីលបាលិស្ទិក Kinzhal គឺជាប្រព័ន្ធ«ខ្លាំងបំផុតគ្មានអ្វីអាចយកឈ្នះបានទេ»។

លោក Volodymyr មេបញ្ជាការកងទ័ពអ៊ុយក្រែន បានថ្លែងប្រាប់សារព័ត៌មាន New York Timesថា៖«ដោយសារ Patriot គឺជាប្រព័ន្ធមួយក្នុងចំណោមប្រព័ន្ធមួយចំនួន ដែលអាចបាញ់ទម្លាក់មីស៊ីលបាលិស្ទិក បានយ៉ាងមានប្រសិទ្ធភាព ហើយមីស៊ីលបាលិស្ទិកបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសច្រើនជាងគេ ខ្ញុំគិតថា ចំនួនអ្នកស្លាប់ក្នុងអំឡុងពេលសង្រ្គាម គឺមានចំនួនរាប់ពាន់នាក់»។