យោធាទីក្រុងសេអ៊ូលបាននិយាយកាលពីថ្ងៃអាទិត្យ (០៧ មករា) ថាប្រទេសកូរ៉េខាងជើង បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួន ដែលជាសមយុទ្ធយោធាថ្ងៃទីបីជាប់ៗគ្នានៅជិតព្រំដែនសមុទ្រដែលមានការប្រកួតប្រជែងជាមួយកូរ៉េខាងត្បូង។

យោធារបស់ទីក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់កាំភ្លើងធំជាង ៩០ជុំនៅភាគខាងជើងនៃកោះ យ៉ុនព្យ៉ុង (Yeonpyeong)។ ពួកគេបានចោទប្រកាន់កូរ៉េខាងជើង ពី «ការបាញ់កាំភ្លើងធំម្តងហើយម្តងទៀត» នៅក្នុងតំបន់ការពារមួយដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រោមកិច្ចព្រមព្រៀងកាត់បន្ថយភាពតានតឹងដែលឥឡូវនេះត្រូវបានលុបចោល ដោយនិយាយថាការទម្លាក់គ្រាប់បែកបានបង្កជា «ការគំរាមកំហែងដល់សន្តិភាពនៅលើឧបទ្វីបកូរ៉េ»។

យោធារបស់កូរ៉េខាងជើងបាននិយាយថា ខ្លួនបានអនុវត្ត «ការហ្វឹកហ្វឺនបាញ់គ្រាប់ពិតនៅសមុទ្រ» ជាមួយនឹងកាំភ្លើងធំចំនួន ៨៨ជុំ ប៉ុន្តែបាននិយាយថា សមយុទ្ធនេះគឺ «មិនទាក់ទងផ្ទាល់» ទៅនឹងព្រំដែនសមុទ្រនោះទេ។ សមយុទ្ធនេះ «មិនបានបង្កការគំរាមកំហែងដោយចេតនាណាមួយ» ដល់កូរ៉េខាងត្បូងឡើយ និងជាផ្នែកមួយនៃ «ប្រព័ន្ធហ្វឹកហ្វឺនធម្មតានៃយោធា» របស់កូរ៉េខាងជើងប៉ុណ្ណោះ។

ក្រុមមន្ត្រីក្នុងតំបន់បាននិយាយថា អ្នកស្រុកនៅលើកោះ យ៉ុនព្យ៉ុង ព្រំដែនកូរ៉េខាងត្បូងត្រូវបានព្រមានឱ្យស្នាក់នៅខាងក្នុងផ្ទះកាលពីថ្ងៃអាទិត្យ ដោយសារតែសមយុទ្ធនេះ និងវិធានការតបតរបស់កូរ៉េខាងត្បូងដែលអាចកើតមាន៕