ប្រមុខយោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ (០៧ មករា) ថាជម្លោះនៅតំបន់ហ្កាហ្សា ដែលបន្តអូសបន្លាយរយៈពេលបីខែរួចមកហើយនោះ ទំនងជានឹងអូសបន្លាយពេញឆ្នាំ២០២៤ ហើយអាចហៀរទៅជួរមុខផ្សេងទៀត។

លោក ហឺហ្ស៊ី ហាឡេវី (Herzi Halevi) ដែលជាប្រធានបុគ្គលិកនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការលើកឡើងបែបនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់ វេស បែង (West Bank) ដែលជាទឹកដីប៉ាឡេស្ទីនកាន់កាប់ដោយអ៊ីស្រាអែលចាប់តាំងពីឆ្នាំ១៩៦៧ មក។

លោក ហាឡេវី បាននិយាយថាឆ្នាំ២០២៤ នឹងមាន «ការប្រកួតប្រជែងខ្លាំង» ហើយថាអ៊ីស្រាអែលនឹង «ចូលរួមក្នុងការប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា ពេញមួយឆ្នាំនេះ» ដោយបង្កប់ន័យថាជម្លោះពេញលេញនាពេលបច្ចុប្បន្នជាមួយក្រុមហាម៉ាស ដែលជាក្រុមប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សា អាចបន្ធូរបន្ថយ ប៉ុន្តែមិនបញ្ចប់នោះទេ។

ប្រមុខយោធាអ៊ីស្រាអែលរូបនេះក៏បានព្រមានផងដែរអំពីការផ្ទុះឡើងនៃអំពើហិង្សា «នៅលើជួរមុខផ្សេងទៀត ជាពិសេសតំបន់វេស បែង» ដែលភាពតានតឹងបានកើនឡើងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីក្រុមហាម៉ាស ទៅលើអ៊ីស្រាអែល៕