កំពង់ឆ្នាំង៖ ឯកឧត្តមឧត្តមសេនីយ៍ឯក មាស ច័ន្ទសុផល អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកម្រឹតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៧ នៅសាលាភូមិភាគ៦ ខេត្តកំពង់ឆ្នាំង បានថ្លែងថា « តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានអនុវត្តជាប្រចាំលើកងកម្លាំងនគរបាលកម្ពុជាទាំងអស់ ដើម្បីអោយកងកម្លាំងមានសមត្ថភាពវិជ្ជាជីវៈ ស្របតាមការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិអន្តរជាតិ ។
ឯកឧត្តមឧត្តមសេនីយ៍ឯកបានបន្ថែមថា៖ ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្តុះបណ្តាល ព្រមទាំងដាក់ចេញនូវផែនការកំណែទម្រង់លើកងកម្លាំងនគរបាលជាប់ជាប្រចាំ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈនៃកងកម្លាំងនគរបាលជាតិ អោយស្របទៅនិងការវិវត្តនៃស្ថានការណ៍សន្តិសុខជាតិ និងអន្តរជាតិ ព្រមទាំងឆ្លើយតបនឹងតម្រូវការនៃអង្គភាពនគរបាល។ វឌ្ឍនៈភាពយ៉ាងឆាប់រហ័សរបស់សាលានគរបាលជាតិភូមិភាគ៦ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃវគ្គបណ្តុះបណ្តាល ក្នុងយុគសម័យសន្តិភាព និងប្រទេសកំពុងមានការរីកចម្រើនលើគ្រប់វិស័យ។ ដើម្បីបំពេញតាមតម្រូវការនៃវគ្គបណ្តុះបណ្តាលប្រកបដោយគុណភាព ក្នុងគោលបំណងពង្រឹងសមត្ថភាពជំនាញ និងលើកកម្ពស់ការគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងនគរបាលជាតិអោយកាន់តែល្អប្រសើរថែមទៀត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្ត ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ៦។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់ប្អូនៗជាសិស្សនគរបាលជ័យលាភីទាំងអស់ អោយយកចំណេះដឹងទៅប្រើប្រាស់អោយមានប្រយោជន៍សំរាប់សង្គមជាតិ ប្រជាជន និងអង្គភាព ៕ ដោយ ÷ កាំង ហុងវាស្នា











