យោធាអ៊ីស្រាអែលបានផ្តល់សញ្ញាថាខ្លួនបានបញ្ចប់ការប្រយុទ្ធដ៏សំខាន់នៅតំបន់ហ្កាហ្សាភាគខាងជើងហើយ ដោយនិយាយថា ខ្លួនបានបញ្ចប់ការកម្ទេចហេដ្ឋារចនាសម្ព័ន្ធយោធារបស់ក្រុមហាម៉ាសនៅទីនោះ ខណៈសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនេះ បានឈានចូលដល់ខែទីបួនកាលពីថ្ងៃអាទិត្យទី៧ ខែមករា ឆ្នាំ ២០២៤។

យោធាពុំបាននិយាយអំពីការដាក់ពង្រាយទ័ពនៅភាគខាងជើងហ្កាហ្សាដែលបន្តទៅមុខនោះទេ។ អ្នកនាំពាក្យរបស់ខ្លួន លោកឧត្តមនាវីទោ ដានីញែល ហាហ្ការី (Daniel Hagari)បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា កងកម្លាំងនឹង បន្តរុលចូលទៅកាន់តែជ្រៅ នៅទីនោះ ពង្រឹងការការពារនៅតាមរបងព្រំដែនអ៊ីស្រាអែល-ហ្កាហ្សា និងផ្តោតលើផ្នែកកណ្តាល និងភាគខាងត្បូងដែនដីមួយនេះ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទូចដដែលៗថា សង្រ្គាមនឹងមិនបញ្ចប់ទេ រហូតទាល់តែមគោលបំណងកម្ចាត់ក្រុមហាម៉ាស រំដោះចំណាប់ខ្មាំងរបស់អ៊ីស្រាអែលត្រឡប់មកវិញ និងធានាថា តំបន់ហ្កាហ្សានឹងមិនក្លាយជាការគំរាមកំហែងដល់អ៊ីស្រាអែលទៀត។

កាលពីថ្ងៃអាទិត្យ ក្រុមមន្ត្រីនៅមន្ទីរពេទ្យ Nasser ក្នុងទីក្រុង Khan Younis ភាគខាងត្បូងបានទទួលសាកសពមនុស្ស១៨នាក់ រួមទាំងកុមារ១២នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលកាលពីល្ងាចថ្ងៃសៅរ៍។ មនុស្សជាង៥០ នាក់បានរងរបួសនៅក្នុងការវាយប្រហារលើផ្ទះមួយនៅក្នុងជំរំជនភៀសខ្លួន Khan Younis ដែលត្រូវបានបង្កើតឡើងជាច្រើនទសវត្សរ៍មុន ដើម្បីផ្ដល់ជាជម្រកដល់ជនភៀសខ្លួនគេចចេញពីសង្គ្រាមមជ្ឈិមបូព៌ា កាលពីឆ្នាំ ១៩៤៨ ៕