ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងស្តារប្រឡាយលូ៥ ដើម្បីរំដោះទឹកកុំឱ្យជន់លិចមូលដ្ឋានខណ្ឌចំនួន៣ នារដូវវស្សានេះ។
ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងស្តារប្រឡាយលូ៥ ដែលមានប្រវែងជាង១គីឡូម៉ែត្រ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ដើម្បីបង្ហូរជំនន់ទឹកភ្លៀងនារដូវវស្សានេះ កុំឱ្យហូរចូលទៅប្រឡាយបឹងទំពន់ និងលិចលង់លំនៅឋានប្រជាពលរដ្ឋក្នុងខណ្ឌចំនួន៣។
លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា តាមការចង្អុលណែនាំពីឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការជន់លិចនៅរដូវវស្សា ការស្តារប្រព័ន្ធបង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញគឺត្រូវស្ដារ ខណៈនេះមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រុះទឹកកខ្វក់ បាននឹងកំពុងធ្វើសកម្មភាពស្តារប្រឡាយលូ៥ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ។
លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយលូ៥ មានប្រវែងជាង១០០០ម៉ែត្រ ទទឹងទំហំពី១៥ទៅ៣០ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំ ផ្លូវវេងស្រេង ដល់ស្ថានីយបូមទឹកលូ៥ ។ ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់ កាលពីថ្ងៃទី១៩ ខែមិថុនា ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលខែកក្កដា ខាងមុខ។
ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទំលាក់ទៅប្រឡាយម័ល និងបន្តចុះទៅជើងឯក។
លោក ដួង ចាន់សារ៉ាត់ បញ្ជាក់ថា ប្រឡាយលូ៥នេះ ពោពេញទៅដោយសំរាម និងភក់ ពិសេសកាកអំពៅ ដែលប្រជាពលរដ្ឋដឹកទៅទំលាក់ចូលក្នុងប្រឡាយនេះតែម្តង។ ដូច្នេះ លោកសូមអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំឱ្យបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា