ការតវ៉ា បានបន្តធ្វើនៅជុំវិញពិភពលោក នៅចុងសប្តាហ៍ដំបូងក្នុងឆ្នាំ ២០២៤ ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលលើប៉ាឡេស្ទីន។

សារព័ត៌មាន The Irish News បានរាយការណ៍ថា នៅក្នុងប្រទេសអៀរឡង់ មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្ម នៅទូទាំងប្រទេសកោះនេះ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដើម្បីគាំទ្រដែនដីប៉ាឡេស្ទីន ជាមួយនឹងការតវ៉ាដ៏ធំបំផុត នៅទីក្រុង Belfast និង Cork។

ជនជាតិអៀរឡង់ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយជនជាតិប៉ាឡេស្ទីនសម្រាប់ការរស់ នៅក្រោមការគ្រប់គ្រងរបស់អង់គ្លេសអស់ជាច្រើនសតវត្សរ៍ រហូតដល់ការបែងចែករបស់ខ្លួន ក្នុងទសវត្សរ៍ឆ្នាំ ១៩២០ និងឯករាជ្យភាពនៃសាធារណរដ្ឋអៀរឡង់។ មនុស្សជាច្រើននៅអៀរឡង់ខាងជើង ដែលនៅតែជាផ្នែកមួយនៃចក្រភពអង់គ្លេស នៅតែព្យាយាមទាមទារឯករាជ្យពីចក្រភពអង់គ្លេស។

ដោយសារតែហេតុនេះហើយ ជនជាតិអៀរឡង់ បានធ្វើបាតុកម្មជាប្រចាំពេញមួយសង្គ្រាមរបស់អ៊ីស្រាអែល ដើម្បីគាំទ្រប៉ាឡេស្ទីន និងថ្កោលទោសអ៊ីស្រាអែលចំពោះអំពើហិង្សារបស់ខ្លួនដែលបានធ្វើឲ្យមនុស្សជិត ២៣.០០០ នាក់ បានស្លាប់ នៅក្នុងតំបន់ហ្កាហ្សា។
លោក Mark McTaggart មេដឹកនាំនៃអង្គការគ្រូបង្រៀនជាតិអៀរឡង់ បានប្រាប់សារព័ត៌មាន The Irish News ថា៖« យើងក្រឡេកមើលអ្វីដែលបានកើតឡើងនៅក្នុងប្រទេសរបស់យើងក្នុងអំឡុងពេលដែលមានភាពចលាចល ហើយការអប់រំ គឺជាមូលដ្ឋានចុងក្រោយនៃក្តីសង្ឃឹមសម្រាប់មនុស្សភាគច្រើន ដែលមានសាលារៀន និងគ្រូបង្រៀនមកពីទូទាំងភាគខាងជើង ដែលរក្សាសុវត្ថិភាពកុមារ ហើយសាលារៀន ត្រូវបានគេមើលឃើញថា ជាកន្លែងមានសុវត្ថិភាព»។