កោះកុង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា គ្រប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណង់តែមួយគត់ គឺការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋឱ្យកាន់តែមានជីវភាពល្អប្រសើរ សេដ្ឋកិច្ចជាតិមានរីកចម្រើន។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួនជាង ១ម៉ឺននាក់ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តកោះកុង ដែលកាលពីអំឡុងពេលបោះឆ្នោត ដែលបានជឿជាក់ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណ ៨៥,៧៥ ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងខេត្ត។ ជាពិសេសប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា ដើម្បីឆ្លើយតបចំពោះការគាំទ្ររបស់ការគាំទ្ររបស់ប្រជាពលរដ្ឋយ៉ាងលើសលប់ចំពោះគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានប្ដេជ្ញាចិត្តបម្រើប្រជាពលរដ្ឋឱ្យបានល្អ និងឱ្យប្រជាពលរដ្ឋកាន់តែមានបាន។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា បើគ្មានសន្ដិភាព គឺមិនអាចឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខបានទេ។ សន្ដិភាពនេះ គឺកើតឡើងតាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដូច្នេះកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យយកថ្ងៃទី ២៩ ខែធ្នូ ជា «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃឈប់សម្រាករយៈពេល១ថ្ងៃនៅទូទាំងប្រទេស៕