ភ្នំពេញ ៖ ខណៈស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ មិនទាន់ធូរស្រាលនោះ បណ្តាមនី្ទរពេទ្យរដ្ឋថ្នាក់ជាតិ បន្តពង្រឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងមិនឲ្យឆ្លងពីមនី្ទរពេទ្យទៅប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋ មកមនី្ទរពេទ្យផងដែរ។
លោកស្រី សេង ចាន់នី អនុប្រធានរដ្ឋបាល នៃមនី្ទរពេទ្យព្រះអង្គឌួង ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះថា ក្នុងរយៈពេលជាងមួយឆ្នាំមកនេះ ប្រទេសកម្ពុជា ទទួលមានករណីជំងឺកូវីដ-១៩ កើតឡើង គឺមនី្ទរពេទ្យព្រះអង្គឌួង បានអនុវត្តន៍វិធានសុខាភិបាល យ៉ាងម៉ឺងម៉ាត់ជាទីបំផុត។ ទោះយ៉ាងណាក៏ដោយយុទ្ធសាស្ត្រវិធានការចម្បងៗដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលត្រូវបាន និងកំពុងអនុវត្ត ហើយនៅតែមានប្រសិទ្ធភាពខ្ពស់។
បើតាមឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ សូមបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា និងវិធានការរបស់ក្រសួងសុខាភិបាល ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ៣កុំ ៣ការពារ និងចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ រដ្ឋា