ក្រុមមន្ត្រីនិយាយថា ប្រតិបត្តិការជើងហោះហើរបានត្រឡប់មកធម្មតាវិញហើយនៅថ្ងៃចន្ទ ទី៨ ខែមករានេះ នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ រយៈពេល៦ថ្ងៃ បន្ទាប់ពីការបុកគ្នាដ៏មហន្តរាយ រវាងយន្តហោះក្រុមហ៊ុនអាកាសចរណ៍ និងយន្តហោះធុនតូចឆ្មាំល្បាតឆ្នេរ ដែលបានបណ្តាលឲ្យមនុស្ស ៥ នាក់ស្លាប់ ។

អ្នកដំណើរ និងបុគ្គលិកយានិកទាំងអស់ចំនួន ៣៧៩នាក់ បានរត់ចេញពីយន្តហោះឆេះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បន្ទាប់ពីយន្តហោះបុកគ្នាកាលពីថ្ងៃទី ២ ខែមករា ប៉ុន្តែមនុស្ស ៥ នាក់ក្នុងចំណោម ៦ នាក់នៅលើយន្តហោះឆ្មាំល្បាតឆ្នេរ បានស្លាប់។
ផ្លូវយន្តហោះរត់នៅអាកាសយានដ្ឋាន Haneda ដែលផ្លូវរត់មួយក្នុងចំណោមបួន ជាកន្លែងដែលឧបទ្ទវហេតុ បានកើតឡើងត្រូវបានបិទចាប់តាំងពីពេលនោះមក បណ្តាឲ្យមានការលុបចោលជើងហោះហើរក្នុងស្រុករាប់រយជោះងនៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។

អ្នកនាំពាក្យអាកាសយានដ្ឋានទីក្រុងតូក្យូបានប្រាប់សារព័ត៌មាន AFP ថា «ផ្លូវរត់ C បានដំណើរការឡើងវិញ នៅថ្ងៃចន្ទនេះ» ដូច្នេះអាកាសយានដ្ឋានបានដំណើរការធម្មតាឡើងវិញហើយ។
កំណត់ត្រានៃការទំនាក់ទំនង ដែលចេញផ្សាយដោយក្រសួងដឹកជញ្ជូនកាលពីសប្តាហ៍មុន បានបង្ហាញថាយន្តហោះឆ្មាំល្បាតឆ្នេរ ត្រូវបានណែនាំឱ្យឈប់នៅមុខផ្លូវរត់ ហើយយន្តហោះក្រុមហ៊ុនអាកាសចរណ៍ JAL ត្រូវបានបញ្ជាក់ច្បាស់ដើម្បីចុះចត។
យោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា អាកាសយានិកឆ្មាំល្បាតឆ្នេរ ជាអ្នកនៅរស់រានមានជីវិតតែម្នាក់គត់ ជឿថាលោកមានការបញ្ជាក់ច្បាស់ដើម្បីធ្វើដំណើរចូលទៅកាន់ផ្លូវរត់ ដែលយន្តហោះរបស់លោកចុះប្រហែល ៤០ វិនាទី មុនពេលបុកគ្នា។