ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ឆ្មាំល្បាតឆ្នេររបស់ប្រទេសអេស្បាញ បានជួយសង្គ្រោះជនអន្តោប្រវេសន៍ចំនួន ១៣២នាក់ នៅប្រជុំកោះ Canary នៅកោះហ៊្វូអឺតេវេនទូរ៉ា(Fuerteventura), Lanzarote និងកោះហ្ក្រាកាណារីយ៉ា(Gran Canaria) កាលពីថ្ងៃអាទិត្យ ហើយយ៉ាងហោចណាស់ មនុស្ស៥០នាក់ បានមកដល់ដោយមធ្យោបាយផ្ទាល់ខ្លួនទៅកាន់ឆ្នេរ អែលម៉ាតូរ៉ាល់(El Matorral) នៅកោះ Fuerteventura ។

ក្នុងអំឡុងពេលនៃប្រតិបត្តិការជួយសង្គ្រោះមួយ ឆ្មាំល្បាតឆ្នេររបស់ប្រទេសអេស្ប៉ាញ បាននិយាយថា ពួកគេ បានជួយសង្គ្រោះបុរសម្នាក់ធ្វើដំណើរតាមពោងកង់រថយន្ត ហើយបាននាំគាត់ទៅកាន់កំពង់ផែ Gran Tarajal នៅកោះ Fuerteventura រួមជាមួយជនអន្តោប្រវេសន៍ចំនួន ៥១នាក់ផ្សេងទៀត ដែលត្រូវបានជួយសង្គ្រោះពីទូកមួយគ្រឿងនៅឆ្នេរសមុទ្រកោះនេះ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុរសដែលធ្វើដំណើរតាមពោងកង់រថយន្ត បាននិយាយថា គាត់បានចាប់ផ្តើមធ្វើដំណើរជាមួយមិត្តម្នាក់ ដែលបានស្លាប់នៅតាមផ្លូវធ្វើដំណើរ។
ទិន្នន័យរបស់ក្រសួងមហាផ្ទៃបានបង្ហាញថា ជនអន្តោប្រវេសន៍សរុបចំនួន ៥៦.៨៥២នាក់ បានចូលមកដល់ប្រទេសអេស្បាញដោយខុសច្បាប់តាមផ្លូវគោកឬតាមផ្លូវសមុទ្រក្នុងឆ្នាំ ២០២៣ ដែលជាការកើនឡើង ៨២ភាគរយ ពីមួយឆ្នាំមុន និងជាចំនួនខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៨មក នៅពេលដែលការមកដល់ចំនួន ៦៤.២៩៨ ត្រូវបានចុះបញ្ជី។