របាយការណ៍សម្ងាត់របស់ទីភ្នាក់ងារចារកម្មអាមេរិក បានឲ្យដឹងថា អ៊ីស្រាអែលទំនងជាមិនឈ្នះសង្រ្គាមប្រឆាំងនឹងក្រុមភេរវកម្មលីបង់ហេបូឡាទេ ប្រសិនបើខ្លួនសម្រេចចិត្តបើកការវាយប្រហារលើខ្សែត្រៀមជួរមុខថ្មីមួយ នៅតាមព្រំដែនភាគខាងជើងរបស់ខ្លួន។

ទីភ្នាក់ងារចារកម្មការពារជាតិអាមេរិក (DIA) បានរកឃើញថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) នឹងមានភាពតានតឹងខ្លាំងពេកដោយការប្រយុទ្ធនៅជួរមុខចំនួនពីរ ដោយកងកម្លាំងអាកាស បានធ្វើការហួសកម្លាំងរួចហើយ ដោយការវាយឆ្មក់ឥតឈប់ឈរទៅលើតំបន់ហ្កាហ្សា។

ទីភ្នាក់ងារចារកម្ម DIA បានព្រមានថា អ្នកបើកយន្តហោះរបស់កងកម្លាំងការពារអ៊ីស្រាអែល នឹងប្រឈមមុខនឹងបេសកកម្មដ៏គ្រោះថ្នាក់ជាងនេះ ប្រឆាំងនឹងការការពារដែនអាកាសដ៏មានឥទ្ធិពលរបស់ ក្រុមហេសបូឡា នេះបើយោងតាមរបាយការណ៍ នៅក្នុងសារព័ត៌មាន Washington Post។

ក្រុមហេសបូឡា និងអ៊ីស្រាអែល បាននិងកំពុងបាញ់ប្រហារគ្នាឆ្លងព្រំដែនជារៀងរាល់ថ្ងៃ ចាប់តាំងពីថ្ងៃទី៨ ខែតុលា នៅពេលដែលក្រុមលីបង់ បានចាប់ផ្តើមប្រតិបត្តិការ ក្នុងសាមគ្គីភាពជាមួយក្រុមហាម៉ាស។
កាលពីថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយថា ខ្លួនបានបញ្ចប់ប្រតិបត្តិការប្រយុទ្ធ នៅតំបន់ហ្កាហ្សាភាគខាងជើង ហើយបានបញ្ចប់ «ការរុះរើ»រចនាសម្ព័ន្ធបញ្ជាការរបស់ក្រុមហាម៉ាស នៅទីនោះ។