នៅថ្ងៃទី៨ ខែមករានេះ និស្សិតអាហារូបករណ៍នឹងទៅសិក្សានៅប្រទេសណូវែលហ្សេឡង់ចំនួន ៣៥រូប បានអញ្ជើញទទួលជួបសំណេះសំណាលណែនាំការងារវិស័យទេសចរណ៍ ពីឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្រោយជំនួបបណ្តានិស្សិត បានប្តេជ្ញាចិត្តធ្វើជាទូតដ៏ល្អបំផុត ផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទាក់ទាញមិត្តភ័ក្តិបរទេស និងទេសចរអន្តរជាតិមកទស្សនាកម្ពុជា។

បណ្តានិស្សិតថ្លែងថា នៅពេលនេះពួកគេបានទទួលអនុសាសន៍ណែនាំជាច្រើនអំពីសក្តានុពលទេសចរណ៍កម្ពុជា និងការអនុវត្តគោលនយោបាយលើកទឹកចិត្តទាក់ទាញទេសចរអន្តរជាតិមកទស្សនាកម្ពុជា ហើយនៅក្នុងដំណើរអញ្ជើញទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេស ណូវែលហ្សេឡង់នេះនឹងជួបនិស្សិតមកពីបណ្តាប្រទេសផ្សេងៗជាច្រើន ហើយពួកគេនឹងខិតខំប្រឹងប្រែងផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាជូនមិត្តរួមថ្នាក់ក៏ពលរដ្ឋបរទេសនានាទៀតមកទស្សនាកម្ពុជា។

នៅក្នុងជំនួបជាមួយក្រុមនិស្សិត ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្លែងការអបអរសាទរចំពោះសិស្សនិស្សិតជ័យលាភីទាំង៣៥រូប ដែលទទួលបានអាហារករណ៍ថ្នាក់បណ្ឌិត និងអនុបណ្ឌិត ទៅសិក្សានៅប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ហើយឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះនិស្សិតទាំងអស់ដែលជាកូនខ្មែរអ្នកបន្តវេនដ៏មានសក្តានុពល និងសមត្ថភាពខ្ពស់អាចចាប់យកឱកាសអាហារូបករណ៍របស់រដ្ឋាភិបាលនូវែលសេឡង់។

ឯកឧត្តម សុខ សូកេន ថ្លែងថា តាមរយៈការទទួលបានអាហារូបករណ៍ សិស្សនិស្សិតទាំងអស់នឹងក្លាយជាទូតនាំសារផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌និងសក្តានុពលវិស័យទេសចរណ៍កម្ពុជា លើឆាកអន្តរជាតិ ដូច្នេះសិស្សនិស្សិតទាំងអស់ត្រូវមានទំនាក់ទំនល្អ អត្តរចរឹកស្លូតបូត និងរួសរាយរាក់ទាក់ និងចូលរួមថែរក្សាវប្បធម៌-ប្រពៃណី និងមោទនភាពជាខ្មែរអំឡុងពេលស្នាក់នៅ និងសិក្សានៅប្រទេសនូវែលសេឡង់ ជាពិសេសផ្សព្វផ្សាយមោទកភាពជាប្រជាជនខ្មែរ "ប្រទេសតូច បេះដូងទូលាយ” និងនាំសារល្អៗពីកម្ពុជាលើឆាកអន្តរជាតិ៕ អត្ថបទ ស៊ុម សុខជា






