កំពង់ឆ្នាំង៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ ប្រជាកសិករនៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់មន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង ដែលបានយកចិត្តទុកដាក់ចុះជួយប្រជាកសិករដោយបានដាក់ម៉ាស៊ីនបូមទឹក និងជីកស្តារប្រឡាយជួយសង្គ្រោះស្រូវប្រាំងរបស់ពួកគាត់បានទាន់ពេលវេលា និងជួយបានប្រមាណជាង៤០០ហិកតា ស្មើនឹង៩៥%នៃស្រូវដែលកំពុងជួបបញ្ហាខ្វះទឹកស្រោចស្រព ។
ប្រជាកសិករនៅក្នុងឃុំគោកបន្ទាយបានអោយដឹងថា៖ ពួកគាត់ចំនួន៣៧៤គ្រួសារ បានធ្វើស្រែប្រាំងនៅទីនោះជារៀងរាល់ឆ្នាំ ហើយឆ្នាំនេះ ដោយសារស្រូវឡើងថ្លៃ ធ្វើអោយប្រជាកសិករនៅប៉ែកខាងលើតាមបណ្តោយដងស្ទឹងជ្រៃបាក់ ដែលធ្លាប់ធ្វើស្រែវស្សា គាត់បាននាំគ្នាមកធ្វើស្រែប្រាំងបន្ថែមទៀត និងបានបូមទឹកពីដងស្ទឹងជ្រៃបាក់រីងអស់នៅក្នុងដើមខែមករានេះ ធ្វើអោយស្រែប្រាំងរបស់ពួកគាត់់នៅខាងក្រោមដែលធ្លាប់ពឹងផ្អែកលើទឹកស្ទឹងនេះ ត្រូវរីងហួតហែងគ្មានទឹកស្រោចស្រពគ្របើគ្រាន់ បណ្តាលអោយស្រែប្រាំងប្រមាណជាង៤០០ហិកតាត្រូវក្រៀមស្វិត ។ ក្រោយពីដឹងថាប្រជាកសិករកំពុងជួបការខ្វះខាតទឹកបែបនេះ លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានចុះភ្លាមៗទៅពិនិត្យ និងបានដាក់គ្រឿងចក្រចុះជីកស្តារប្រឡាយមេ ដាក់ម៉ាស៊ីនបូមទឹក ជួយរំដោះស្រូវប្រាំងប្រជាពលរដ្ឋបានទាន់ពេល។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក បានថ្លែងថា៖ កាលពីកន្លះខែមុននេះ លោកបានអោយមន្ត្រីរបស់លោក ដាក់គ្រឿងចក្រចុះជួយប្រជាកសិករជាបន្ទាន់ នៅក្នុងឃុំគោកបន្ទាយ ស្រុករលាប្អៀរដែលកំពុងជួបប្រទះការខ្វះខាតទឹកដោយបានជីកស្តារប្រឡាយបានប្រវែង៣៤០០ម៉ែត្រ និងជួយដាក់ម៉ាស៊ីនបូមទឹករុញពីបឹងមកស្រោចស្រពស្រូវប្រាំងប្រជាកសិករនៅទីនោះបានជាង៤០០ហិកតា ។ ចំណែកនៅក្នុងឃុំជ្រៃបាក់វិញ ប្រជាកសិករក៏អាចជួបប្រទះនឹងការខ្វះទឹកផងដែរនៅពេលខាងមុខ ហើយមន្ទីរធនធានទឹក និងមន្ទីរកសិកម្ម បានត្រៀមជាស្រេចក្នុងការជួយសង្គ្រោះ និងដោះស្រាយទុក្ខកង្វល់របស់ប្រជាកសិករ៕ ដោយ ៖ កាំង ហុងវាស្នា













